ហ៊ានម៉្លេះ! ចូលបន្លំក្នុងផ្ទះលក់ដូរ លុះចាប់បាន សារភាពថាសម្រេចច្រើនដងហើយ
រាជធានីភ្នំពេញ ៖ ក្មេងប្រុសចំនួន៥នាក់ដែលទើបតែមានអាយុ១០ឆ្នាំចុះក្រោមប៉ុណ្ណោះ ប៉ុន្តែបានបន្លំលួច ព្រមទាំងឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហើយត្រូវបានកម្លាំងប្រជាការពារ និងអ្នកភូមិឃាត់ខ្លួនបានចំនួន៣នាក់ និងរត់រួច២នាក់ បន្ទាប់ពីក្មេងៗទាំងនេះជិះម៉ូតូឆ្លងពីភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ទៅធ្វើសកម្មភាពបន្លំលួចយកកាបូបលុយនិងកាតទូរស័ព្ទនៅក្នុងផ្ទះលក់ដូរមួយកន្លែងក្នុងខណ្ឌកំបូល។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០ នៅផ្ទះលក់ដូរមួយកន្លែង មានទីតាំងស្ថិតក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ប៉ុន្តែត្រូវបានកម្លាំងប្រជាការពារនិងអ្នកភូមិចាប់បាន ក្រោយពេលរត់គេចខ្លួនទៅដល់ផ្លូវបេតុង ស្ថិតក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
ក្មេងប្រុសទាំង៥នាក់ខាងលើនោះមិនត្រូវបានស្គាល់ឈ្មោះទេ មានទីលំនៅក្នុងសមាគមលៀសហាល ស្ថិតនៅខាងក្រោយវត្តគោកបញ្ជាន់ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកកាបូបមានកាតទូរស័ព្ទ និងក្រវិលមួយគូ សរុបជាទឹកប្រាក់ជិត៣០០ដុល្លារ ជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ឈ្មោះ យឹម ពៅ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល។
បើតាមស្ត្រីរងគ្រោះជាម្ចាស់កាបូបបាននិយាយថា នៅមុនពេលកើតហេតុ ក្រុមក្មេងៗទាំង៥នាក់នោះបានជិះម៉ូតូចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងម៉ាកហុងដា ធុនសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BM-៩៨៥៣ និងមួយគ្រឿងម៉ាកធូដេ ទៅឈប់ក្រោមដើមឈើមុខផ្ទះគាត់។
តាមប្រភពដដែលបានបន្តថា បន្ទាប់មកក្មេងប្រុស២នាក់បានចូលទៅរកទិញបារីដោយប្រាប់ថា «ពូម្នាក់នោះប្រើឲ្យទិញ ប៉ុន្តែមិនដឹងថាពូណាទេ» ។ លុះពេលគាត់លក់ឲ្យបែរជានាំគ្នាយកបារីនោះចែកគ្នាជក់ទៅវិញ ពេលនោះគាត់មិននឹកស្មានថាពួកគេមានគំនិតជាចោរឡើយ ។ ស្របពេលនោះមានអ្នកភូមិចូលទៅរកទិញអីវ៉ាន់ដែរ ស្រាប់តែក្មេង៣នាក់ទៀតដែលស្ថិតនៅក្នុងក្រុមជាមួយគ្នាចូលទៅរកទិញទឹកបរិសុទ្ធ ហើយពេលដែលគាត់រវល់លក់ដូរ ស្រាប់តែក្រុមក្មេងខាងលើបន្លំចូលលួចកាបូបលុយ ហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
តាមប្រភពដដែលបានបន្តទៀតថា ខណៈនោះគាត់ក៏បានដឹងភ្លាមៗដែរ ព្រមទាំងបានដេញតាមទៀត ប៉ុន្តែដេញមិនទាន់ និងស្រែកថាចោរៗថែមទៀតផង ជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយលោកមេភូមិដែលស្ថិតនៅជិតនោះដែរក៏បានប្រកាសតាមវិទ្យុទាក់ទង ឲ្យកម្លាំងប្រជាការពារតាមបណ្ដាភូមិនានាជួយឃ្លាំមើល ។ លុះក្រោយមកក្មេងៗទាំងនោះជិះម៉ូតូគេចខ្លួនទៅដល់ក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ក៏ត្រូវបានកម្លាំងប្រជាការពារ និងអ្នកភូមិកប់ភ្លុកនោះស្ទាក់ឃាត់បានចំនួន៣នាក់ រួមជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១១០ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ចំណែក២នាក់ទៀតជិះម៉ូតូធូដេគេចខ្លួនបាត់ ។
ក្រោយពេលចាប់ខ្លួន ក្មេងទាំង៣នាក់ដែលត្រូវឃាត់ខ្លួនខាងលើនោះបានសារភាពថា កន្លងមកពួកខ្លួនមានគ្នា៥នាក់តែងបាននាំគ្នាជិះម៉ូតូចេញធ្វើសកម្មភាពឆក់ និងលួចបានសម្រេចជាច្រើនដងមកហើយ និងមិនចាំបានថាប៉ុន្មានដងទេ តែកាលពី១អាទិត្យមុនឆក់កាបូបនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខណ្ឌកំបូល បានលុយជាង១០០០ដុល្លារ។
ក្មេងទាំង៣នាក់ខាងលើត្រូវប្រជាការពារនិងអ្នកភូមិប្រគល់ជូននគរបាលខណ្ឌកំបូល ដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យាព្រមទាំងឲ្យឪពុកម្ដាយចូលខ្លួនទៅធានានាំយកត្រឡប់ទៅផ្ទះវិញ ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/