គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai សាធារណរដ្ឋសង្គមនិយមវៀតណាម

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១0:៤០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai រដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដោយឯកឧត្តម Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោកជំទាវ Tran Thi Hong An សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការ​កិច្ចការបរទេស​នៃរដ្ឋសភាវៀតណាម ឯកឧត្តម Do Hoang Viet អគ្គនាយកនៃអគ្គនាយកដ្ឋានពិធីការ និងកិច្ចសហប្រតិបតិ្តការអន្តរជាតិនៃរដ្ឋសភា វៀតណាម ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងមន្រ្តីស្ថានទូត។

គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ ព្រឹទ្ធសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ ទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម៕