គ្រោះថ្នាក់ចរាចរណ៍រវាងត្រាក់ទ័រ និងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅស្រុករតនមណ្ឌល

ស្នងការដ្ឋាននគរបាលជាតិ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង១៩នាទី ត្រង់ចំណុចភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លើផ្លូវជាតិលេខ៥៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងត្រាក់ទ័រ និងម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ ។

លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានរាយការណ៍ឲ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយអ្នកបើកបរម៉ូតូឈ្មោះ ផន មុត ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បើកបរម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AQ-9016 (ស្លាប់នៅកន្លែងកើតហេតុ) ជនរងគ្រោះបើកបរម៉ូតូក្នុងទិសដៅពីលិចមកកើត មកដល់កន្លែងកើតហេតុក៏បានបុកត្រាក់ទ័រ ១គ្រឿង ចំផាលខាងក្រោយផ្នែកខាងឆ្វេងបណ្តាលឲ្យដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំពោះអ្នកបើកបរត្រាក់ទ័រ ពណ៌ក្រហម បានរត់គេចចេញពីកន្លែងកើតហេតុបាត់ ។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នទើបទៅបុកពីក្រោយត្រាក់ទ័រពេញទំហឹងតែម្ដង ។ បច្ចុប្បន្ន នគរបាលស្រុករតនមណ្ឌលកំពុងធ្វើការស្រាវជ្រាវរកម្ចាស់ត្រាក់ទ័រ ។ ចំពោះមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សារទុកនៅការិយាល័យជំនាញខេត្ត ដើម្បីដោះស្រាយតាមនីតីវិធី ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕