ចុះ​ឡោម​ព័ទ្ធ​ទីតាំង​លួចលាក់​មួយ​កន្លែង រក​ឃើញ​ជាង​៥០០​ក្បាល

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដោយ​មានការ​សម្របសម្រួល​ពី​លោក​សាយ វាសនា ព្រះរាជអាជ្ញា​រង​ខេត្តកំពង់ធំ និង​មានការ​ចូលរួម​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល អាជ្ញាធរ​​មូលដ្ឋាន​បាន​ចុះ​ឡោម​ព័ទ្ធ​ទីតាំង​លួចលាក់​ជួញដូរ​សត្វព្រៃ​ដុះ​ស្លែ​មួយ​កន្លែង​ជា​របស់​បុរស​ឈ្មោះ ចេ​ង ថែ​ន និង​ឆែកឆេរ​ក​ឃើញ​សត្វព្រៃ​ចម្រុះ​ចំនួន​៥២៦​ក្បាល ស្ថិត​នៅ​ក្នុងភូមិ​ម្នា​វ សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ២០២០ ។

សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​សត្វព្រៃ​បាន​បញ្ជាក់​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​ទីតាំង​ខាងលើ គឺ​សមត្ថកិច្ច​បាន​បើក​ការ​ស៊ើបអង្កេត​ជា​យូរ​មក​ហើយ នៅ​មុន​មួយ​ថ្ងៃ គឺ​សមត្ថកិច្ច​បាន​ឡោម​ព័ទ្ធ​ទីតាំង​ខាងលើ​នោះ ដោយ​ខ្លាច​មានការ​លួច​រំដោះ​ដឹក​ជញ្ជូន​សត្វព្រៃ​ចេញ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ក៏​មានការ​ឯកភាព​ចុះ​ឆែកឆេរ និង​បាន​ប្រទះ​ឃើញ​មាន​សត្វព្រៃ​ជា​ច្រើន​ក្បាល តែ​ម្ចាស់​ទីតាំង​ពុំ​នៅ​នោះ​ទេ ហើយ​សមត្ថកិច្ច​បាន​ព្យាយាម​ទំនាក់ទំនង​ម្ចាស់​ទីតាំង តែ​ត្រូវ​បាន​គេ​ប្រាប់​ថា ម្ចាស់​ទីតាំង​បាន​យក​កូន​ទៅ​មន្ទីរពេទ្យ​ឯ​ខេត្តសៀមរាប​បាត់​ហើយ ។ ម្ចាស់​ទីតាំង​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ចេ​ង ថែ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ជា​លទ្ធផល​ក្នុង​ការ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប ​គឺ​សមត្ថកិច្ច​រឹបអូស​បាន​សត្វ​ប្រវឹក​ចំនួន​៤៦៦​ក្បាល​, សត្វ​ស្វា​ចំនួន​៥៥​ក្បាល​, សត្វ​ពស់​ចាន់​ល្មម​ចំនួន​២​ក្បាល​, សំពោចក្រអូប​ចំនួន​៣​ក្បាល ។ សត្វ​ទាំងនេះ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​ដើម្បី​យក​ទៅ​ឱ្យ​រស់នៅតាម​​បែប​ធម្មជាតិ​វិញ ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​ទីតាំង​ដែល​បាន​រត់គេច​ខ្លួន នឹង​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​ចោទប្រកាន់​ពី​ការ​ជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​៕ (​កែសម្រួល​ដោយ ៖ ធីតា​)


ប្រភព​​​៖ https://kohsantepheapdaily.com.kh/