ដេីមក្ងោកជាង៣០០ដើម ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម ដាំព័ទ្ធជុំវិញវត្តប្រាសាទនគរបាជ័យ តាមបណ្តោយផ្លូវបេតុងថ្មីប្រវែងជិត២០០០ម៉ែត្រ

ក្រោយពីសមិទ្ធផលផ្លូវបេតុង១ខ្សែ ប្រវែងជិត២០០០ម៉ែត្របានលេចជារូបរាងឡើងព័ទ្ធជុំវិញវត្តប្រាសាទនគរបាជ័យ នៅព្រឹកថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត បានអញ្ជេីញ ចូលរួមពិធីដាំដេីមក្ងោកនៅជុំវិញបរិវេណវត្តនគរបាជ័យក្រៅ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ដោយមានការនិមន្ត ចូលរួមពីមន្ត្រីសង្ឃ មន្ត្រីរាជការ ជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរស្រុកកំពង់សៀម ក្រុមប្រឹក្សាឃុំអំពិល យុវជន ស ស យ ក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា យេីងរួមគ្នា និងនាំគ្នាដាំដេីមឈើតាមទីសាធារណៈ តាមទីវត្តអារាម ជាដើម ដើម្បីប្រែក្លាយទៅជាតំបន់បៃតង និងជួយកាត់បន្ថយដល់ការប្រែប្រួល អាកាសធាតុ ផ្តល់ជាម្លប់ ដើមឈើអាចស្រូបយកឧស្ម័នកាបូនិច ពីក្នុងបរិយាកាស និងបញ្ចេញមកវិញនូវឧស្ម័នអុកស៉ីសែន សម្រាប់ការរស់នៅរបស់មនុស្សជាតិ។ ឯកឧត្ដម បានបញ្ជាក់បន្ថែមទៀតថា ប្រទេសកម្ពុជាយេីង ស្ថិតនៅតំបន់ត្រូពិច ដែលមានលក្ខណៈអំណោយផល ក្នុងការថែទាំ និងងាយស្រួលក្នុងការដាំដុះដើមឈើ ដោយសារកត្តាអាកាសធាតុ។ យើងត្រូវធ្វេីយ៉ាងណាយេីងរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈេី ហើយត្រូវបន្តនាំគ្នាដាំដេីមឈេីឡេីងវិញ នៅគ្រប់ទីកន្លែង និងនៅតាមកន្លែងដែលមានសក្តានុពលទេសចរណ៍ជាដើម ដើម្បីបង្កើតតំបន់បៃតង ផ្តល់នូវសោភណ៍ភាព ទេសភាពស្រស់បំព្រង បង្កើតបរិយាកាសបរិសុទ្ធ សម្រាប់ភ្ញៀវទេសចរណ៍ និងការស់នៅរបស់ប្រជាពលរដ្ឋ៕