នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បង្រ្កាបបទល្មើសលួច ស្ថិតក្រោមស្លាកជាភ្នាក់ងារសន្តិសុខឯកជនម្នាក់

កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីលួចកុំព្យូទ័រយួរដៃមួយគ្រឿង និងប្រាក់ចំនួន ២៨៥០ដុល្លារអាមេរិក ពីក្នុងរថយន្ត Toyota Prius របស់ជនរងគ្រោះ ជាភ្ញៀវស្នាក់នៅខុនដូរ Lay Ann ស្ថិត​នៅអគារលេខ១២៣​ ផ្លូវ​១៩២​ ភូមិ៩ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្ករឡើងដោយជនសង្ស័យឈ្មោះ ឡាំ ចិន្តា ភេទប្រុស អាយុ៤២ មុខរបរ ភ្នាក់ងារសន្តិសុខឯកជន ក្រុមហ៊ុនP.R Security ។​ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉តូគេចខ្លួនបាត់។ ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។

ក្រោមបទបញ្ជាររបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការង នគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដឹកនាំដោយ លោក វរសេនីយ៍ឯក ស៊ិន សុផល នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការស្រាវជ្រាវរកជនសង្ស័យ ឈ្មោះ ឡាំ ចិន្តា ឃើញនៅចំណុចមុខហាងលក់សំភារៈកូនក្មេងមួយកន្លែង​ ស្ថិតនៅផ្លូវជាតិលេខ២១អា សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានសុំកិច្ចសហកាជាមួយសមត្ថកិច្ច នៃស្នងការខេត្តកណ្តាលធ្វើការឃាត់ខ្លួនជនសង្ស័យ នាំយកមកសួរចំលើយនៅនាយដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។

ជនសង្ស័យឈ្មោះ ឡាំ ចិន្តា បានសារភាពថា កន្លង មកខ្លួនបម្រើការងារជាភ្នាក់ងារសន្តិសុខឯកជន ធ្លាប់បានធ្វើសកម្មភាពលួចចំនួន ០៣លើក មានដូចខាងក្រោម

លើកទី១ នៅចុងឆ្នាំ២០១៩ ជាភ្នាក់ងារសន្តិសុខនៅក្នុងក្រុមហ៊ុន GARUDA យាមនៅម្ដុំទួលគោក បានធ្វើសកម្មភាពលួចម៉ូតូរបស់ភ្ញៀវ ០១គ្រឿង ម៉ាក HONGDA C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ ២០១៧ ។

លើកទី២ នៅក្នុងឆ្នាំ២០២១ ជាភ្នាក់ងារសន្តិសុខឯកជននៅក្រុមហ៊ុន KTS យាមនៅគោលដៅអ៊ិនធើណេត Open Net បានធ្វើសកម្មភាពលួចម៉ូតូ ចំនួន០១គ្រឿង ម៉ាក HONGDA C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ ២០២០ ។

លើកទី៣ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជាភ្នាក់ងារសន្តិសុខនៅក្នុងក្រុមហ៊ុន P.R Security យាមនៅក្នុងខុនដូ Lay Ann បានធ្វើសកម្មភាពលួចសម្ភារៈពីក្នុងរថយន្តរបស់ភ្ញៀវដែលស្នាក់នៅ បានប្រាក់ចំនួន ២៨៥០ដុល្លារ និងកុំព្យូទ័រយួដៃ ០១គ្រឿង ។

ក្រោយការសួរចម្លើយរួច នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕