រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Austin ទន្ទឹងរង់ចាំ ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុនកាន់តែស៊ីជម្រៅ

ជប៉ុន៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយថា លោកទន្ទឹងរង់ចាំដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលីកាន់តែស៊ីជម្រៅ។

មុនពេលជួបពិភាក្សាជាមួយលោក Austin នៅទីក្រុង Tokyo រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasukazu Hamada បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រឈមមុខនឹងការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។

នៅថ្ងៃព្រហស្បតិ៍នេះ លោក Austin គ្រោងនឹងជួបសមភាគីជប៉ុននៅក្នុងការឈប់សំណាក់ក្នុងប្រទេសជប៉ុន ខណៈកំពុងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីសម្រាប់កិច្ចប្រជុំពិភាក្សាកំពូលសន្តិសុខអាស៊ី Shangri-La។

លោក Austin ក៏នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា និងបារាំងផងដែរ៕