រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ ប្រជុំ​ពិភាក្សា​លេីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដើម្បីឈានទៅរកការចុះកិច្ចព្រមព្រៀងសម្បទាន(Concessional Agreement) 

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ចើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្ត ទៅលើលក្ខខ័ណ្ឌមួយចំនួនក្នុងកិច្ចព្រមព្រៀងសម្បទាន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងវត្តមានរបស់ឯកឧត្តម លោក លោកស្រី ដែលជាមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា រិះរកដំណោះស្រាយធ្វើយ៉ាងណាឱ្យពង្រាងកិច្ចព្រមព្រៀងសម្បទាន(Concessional Agreement) នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត មានខ្លឹមសារគ្រប់ជ្រុងជ្រោយ អាចទទួលយកបាន ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអាចអនុវត្តទៅបានដោយរលូននៅពេលអនាគត ប្រកបដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់ ជាពិសេសដើម្បីឈានទៅរកការចុះហត្ថលេខា តាមផែនការដែលបានគ្រោងទុក។

សូមរំលឹកជូនដែរថា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ហើយគ្រោងនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ៕