រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា ចិន​ជា «អ្នក​កេង​ប្រយោជន៍» នៅ​ក្នុង​ប្រទេស​ស្រីលង្កា

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា គណបក្ស​កុម្មុយនីស្ត​ចិន​ បាន​ធ្វើ​ប្រតិបតិ្តការ​ជា «អ្នក​កេង​ប្រយោជន៍» នៅ​ក្នុង​ប្រទេស​ស្រីលង្កា។ លោក​ថ្លែង​ដូច្នេះ ស្របពេល​ដែល​លោក​បន្ត​រិះគន់​ខ្លាំងៗ​លើ​ប្រទេស​ចិន​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​តំបន់​អាស៊ី​លើក​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Pompeo បាន​ទៅ​ដល់​ប្រទេស​ស្រីលង្កា​បន្ទាប់ពី​ចាកចេញ​ពី​ប្រទេស​ឥណ្ឌា ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ របស់​លោក​ទៅ​កាន់​ទ្វីប​អាស៊ី ក្នុង​គោល​បំណង​បង្កើន​សម្ព័ន្ធភាព​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​កើនឡើង​របស់​ចិន​ផ្នែក​នយោបាយ​និង​យោធា​នៅ​ក្នុង​តំបន់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

លោក Pompeo បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​តាម​ទូរទស្សន៍​នៅ​ក្នុង​រដ្ឋធានី​កូឡំបូ ប្រទេស​ស្រីលង្កា​ថា៖ «យើង​ឃើញ​មាន​តាំង​ពី​កិច្ច​ព្រមព្រៀង​អាក្រក់ៗ​នានា ការ​រំលោភ​អធិបតេយ្យភាព រហូត​ដល់​ភាព​គ្មាន​ច្បាប់​ទម្លាប់​លើ​ដែនដី​និង​ដែន​សមុទ្រ ដែល​គណបក្ស​កុម្មុយនីស្ត​ចិន​ជា​អ្នក​កេង​ប្រយោជន៍ ប៉ុន្តែ​សម្រាប់​សហរដ្ឋ​អាមេរិក​វិញ គឺ​ចូល​មក​ក្នុង​របៀប​ផ្សេង គឺ​ក្នុង​នាម​ជា​មិត្ត​និង​ជា​ដៃគូ»។

ប្រភព