អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា សមត្ថកិច្ចកំពុងតាមរកបុរសម្នាក់ ដែលរត់គេចខ្លួន មិនធ្វើចត្តាឡីស័ក

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា សមត្ថកិច្ចកំពុងតាមរកបុរសម្នាក់ នៅខេត្តបន្ទាយមានជ័យ ដែលទើបមកពីប្រទេសថៃ បានរត់មិនព្រមធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ថា យុវជនម្នាក់នេះមានឈ្មោះ លឿង លីសាន់ អាយុ២២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលទើបត្រឡប់មកពីថៃ មិនព្រមធ្វើចត្តាឡីស័ក បែរជាលោតពីលើឡានរត់គេចខ្លួន។

លោកជំទាវ ឱ វណ្ណឌីន ជម្រាបថា រឿងនេះគឺពិតជាមានអ្នករត់ តែគាត់ត្រូវបានដឹកយកមក ធ្វើចត្តាឡីស័កពេលដល់ខ្លោងទ្វារចូល គាត់ក៏លោតចេញពីឡានរត់តែម្តងទៅ ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងតាមរកគាត់ដើម្បីយកពិនិត្យសំណាករកវីរុសកូវីដ-១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ៕