គិតត្រឹមព្រឹក​ថ្ងៃទី​៧ មករានេះ មានពលករ​ខ្មែរ​មកពី​ថៃ ២​នាក់​ទៀតហើយដែល បាន​ឆ្លង​COVID-19

ភ្នំពេញ​ ៖ បុរស​ខ្មែរ​២​នាក់​ទៀត​ជា​ពលករ​ទើប​មកពី​ប្រទេស​ថៃ បាន​ឆ្លង​កូ​វីដ​-១៩(COVID-19)​។ នេះ​ករណី​ឆ្លង​ទី​២០ លើ​ពលករ​កម្ពុជា​ដែល​ធ្វើដំណើរ​ពី​ប្រទេស​ថៃ ខណៈ​អ្នក​ឆ្លង​នៅ​ទូទាំងប្រទេស​កើន​ដល់​៣៨៥​នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​៧ មករា​។​

អ្នកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការក្រសួងសុខាភិបាល បាន​បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ពលករ​ដែល​បាន​ឆ្លង​កូ​វីដ​-១៩ នោះ​មាន​ម្នា​ក់វ័យ​២៦​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ បុរស​រូបនេះ  បាន​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២​មករា​។ រីឯ ពលករ​​ម្នាក់ទៀត​មាន​អាយុ​២៥​ឆ្នាំ បាន​មកដល់​កម្ពុជា ថ្ងៃទី​៤​មករា ឆ្នាំ​២០២១ ដែលមាន​អា​សយ​ដ្ឋាននៅ​ភូមិ​ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។
​បច្ចុប្បន្ន​ពលករ​ទាំង​ពីរ​នាក់​នេះ គឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​រៀងៗ​ខ្លួន​។ គិត​ត្រឹម​ថ្ងៃទី​៧​មករា កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ៣៨៥​នាក់ ដោយ​ក្នុងនោះ មាន​៣៦២​នាក់​បានជា​សះស្បើយ​៕

By: Sovann