ទំនិញខូចគុណភាពមួយចំនួន ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង រកឃើញនៅ ផ្សារដូនស

(ខេត្តស្វាយរៀង)៖ នៅថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តស្វាយរៀង ដោយមានការសហការពីមន្ទីរពាណិជ្ជខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យគុណភាពផលិតផលម្ហូបអាហារនៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើគំរូចំនួន ៣២គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖

-ស្ករគ្រាប់ ចំនួន ១០កញ្ចប់

-នំពងទា ចំនួន ១០ថង់ ស្មើនឹង ១៦គីឡូក្រាម

-ចាហួយដូង ចំនួន ៨ធុង ស្មើនឹង ១៦គីឡូក្រាម

-ទឹកសៀង ចំនួន ១១ដប

-ទឹកភេសជ្ជៈ ចំនួន ១២ ដប

-ទឹកក្រូចឆ្មា ចំនួន ១០ដប

-នំបាញ់ត្រាង ចំនួន ១៥គីឡូក្រាម

បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕