នៅទីបំផុត​! AC Milan ស្គាល់​ជាតិ​ចាញ់​លើក​ដំបូង​ក្នុង​លី​គ​រដូវ​កាល​នេះហើយ លទ្ធផល ៣-១

អ៊ី​តា​លី ៖ ទីបំផុត​ក្រុម AC Milan បានស្គាល់​រសជាតិ​ចាញ់​ក្នុង​លី​គជា​លើក​ដំបូង​សម្រាប់​រដូវ​កាល​នេះ​ហើយ បន្ទាប់​ពី​ចាញ់​ក្រុម​ភ្ញៀវ Juventus ដោយ​លទ្ធផល ៣-១ កាលពី​យប់​ម្សិលមិញ​។
ខ្សែបម្រើ​ស្លាប Federico Chiesa របស់​ក្រុម​ភ្ញៀវបានក្លាយជា​តួអង្គ​ដ៏​សំខាន់​សម្រាប់​ជំនួប​មួយ​នេះ បន្ទាប់​រូបគេរកបាន​២​គ្រាប់​ម្នាក់ ​ពោល​គឺ​នៅ​នាទី​១៨ និង​៦២ ស្រប​ពេល​១​គ្រាប់​ទៀត​រកបាន​ដោយ​ខ្សែបម្រើ Weston McKennie នៅ​នាទី​៧៦​។ ដោយឡែក​១​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ រកបាន​ដោយ​ខ្សែការពារ Davide Calabria នៅ​នាទី​៤១​។

បើ​ទោះជា​បរាជ័យ​កាលពី​យប់មិញ​ក៏​ពិតមែន ប៉ុន្តែ​ក្រុម AC Milan ក៏​នៅ​តែ​បន្ត​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​១៦ ដោយ​មាន​៣៧​ពិន្ទុ​។ ដោយឡែក​ដែល​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់ Juventus ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៤ មាន​៣០​ពិន្ទុ ខណៈ​ពួក​គេ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​ដែល​មិន​ទាន់​លេង​៕
From: https://kohsantepheapdaily.com.kh
By: Sovann