រដ្ឋបាលជលផល បិទការនេសាទត្រីកាម៉ុងក្នុងរដូវពងកូន ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋបាលជលផល នឹងបិទការនេសាទត្រីកាម៉ុង ឬប្លាធូ នៅក្នុងដែននេសាទសមុទ្រកម្ពុជា រយៈពេល២ខែកន្លះ ដោយគិតចាប់ពីថ្ងៃទី ១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល ចុះ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ពន្យល់ថារយៈពេលខាងលើនេះជារដូវពងកូនបន្តពូជរបស់ត្រីកាម៉ុង។

បើតាមសេចក្ដីជូនដំណឹងដដែល នៅក្នុងអំឡុងរដូវពងកូនបន្តពូជ របស់ត្រីកាម៉ុង ឬប្លាធូនេះ រដ្ឋបាលជលផល បានហាមដាច់ខាត ចំពោះសកម្មភាពនេសាទត្រីកាម៉ុង ក្នុងដែននេសាទសមុទ្រដោយប្រជានេសាទ ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រ។ បើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងឆ្នាំ២០២០ កន្លងទៅនេះ កម្ពុជាផលិតបានផលិតផលជលផលចំនួន ៩៣៦,៣០០ តោន ក្នុងនោះមានផលិតផលទឹកសាប ជាង៤១ម៉ឺនតោន ផលិតផលសមុទ្រ ជាង១២ម៉ឺនតោន និងផលវារីវប្បកម្មជាង ៤០ម៉ឺនតោន៕


From: https://thmeythmey25.com/
By: Reatry