សមត្ថកិច្ចក្រុងសំរោងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

ខេត្តឧត្តរមានជ័យ÷ ក្រោមការដឹកនាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១៖០០នាទី លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង បានចាត់ឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ចុះសហការជាមួយកម្លាំងនគរបាលស្រុកអន្លង់វែង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខាំ រ៉ាវី ហៅ ផ្លែង រ៉ាវី ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងវត្ថុតាងមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ មានលេខតួ+ម៉ាស៊ីន: ៩១០៨០៤២ ពាក់ស្លាកលេខ: សៀមរាប ១R-០៩៥៥ នៅចំណុចផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិត្រពាំងតាវចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលបានធ្វើសកម្មភាពលួចម៉ូតូ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៩៖៤០នាទី នៅចំណុចភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។

បច្ចុប្បន្នជនសង្ស័យ រួមជានិងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ ៕