សមត្ថកិច្ចថៃចាប់ឃុំខ្លួនពលករខ្មែរ១៦នាក់ និងក្មេង២នាក់ ព្រមទាំងស្រ្តីជនជាតិថៃជាម្ចាស់រថយន្តម្នាក់

កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ កម្លាំងចម្រុះថៃ បានសហការគ្នា ចាប់ឃុំខ្លួនពលករខ្មែរចំនួន១៦នាក់ នៅបរិវេណថ្នល់ផូ ធិងិន-ឆប់ណយ ឃុំវ៉ាំង សំបូន ស្រុកវ៉ាំង សំបូន ខេត្តស្រះកែវ ។ បើគិតទាំងអ្នកតាមមកជាមួយទៀតសរុប១៩នាក់ រួមទាំងវត្ថុតាង រថយន្តម៉ាកតូយ៉ូតា ភីកអាប់ វីហ្គោ ព៌ណស្ក ពាក់ស្លាកលេខบน-4966 ស្រះកែវ មានម្ចាស់ឈ្មោះ ផាន់និកា ឡៅភាន់ប្រាសិទ្ធ ស្រីជនជាតិថៃ ។

សូមជំរាបថា សមត្ថកិច្ចថៃ បានធ្វើការចោទប្រកាន់អ្នកទាំងអស់ពីបទល្មើសបទបញ្ជាររបស់អាជ្ញាធរខេត្តស្រះកែវ ពីវិធានការការពារ និងគ្រប់គ្រងការរាត្បាតកូវីដ-១៩ ដោយពលករខ្មែរដែលត្រូវចាប់ឃុំខ្លួនទាំងអស់ បានសារភាព និងព្រមទទួលយកបទចោទប្រកាន់ដោយស្ម័គ្រចិត្ត បន្ទាប់មកសមត្ថកិច្ច ក៏ឃុំខ្លួនជនត្រូវចោទទាំង១៦នាក់ រួមទាំងវត្ថុតាងទាំងអស់ បញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញស្រុក វ៉ាំង សំបូ ខេត្តស្រះកែវ ដើម្បីចាត់ការតាមច្បាប់បន្ត ៕