អាជ្ញាធរ ព្រមានការធ្វើចំណាកប្រថុយប្រថានខុសច្បាប់ និងជួបហានិភ័យខ្ពស់ ក្នុងបរិបទកូវីដ-១៩

ស្រុកពញាឮ÷ លោកថន សុវណ្ណាអភិបាលស្រុកពញាឮ តំណាងលោកជំទាវ ហ៊ុនកុសនីអភិបាលរងខេត្តកណ្ដាល បានព្រមានថា ការធ្វើចំណាកស្រុក ដោយប្រថុយប្រថានខុសច្បាប់ និងជួបហានិភយ័ខ្ពស់ ក្នុងបរិបទកូវីដ-១៩ ប្រសិនបើការឆ្លងដែនគ្មាន ឯកសារត្រឹមត្រូវ តាមផ្លូវច្បាប់ទេនោះ។​

លោកអភិបាលស្រុក ព្រមានបែបនេះ គ្រាដែលបានចុះ ផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្ក្រាប អំពើជួញដូរមនុស្ស នឹងអំពើធ្វើអាជីវកម្មផ្លូវភេទ និងផលប៉ះពាល់ ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន ខុសច្បាប់ និងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវិដ-១៩ ដល់ប្រជាពលរដ្ឋក្រីក្រ និងបងប្អូនចំណាកស្រុកចំនួន៦០នាក់ នៅឃុំភ្នំបាត កាលពីថ្ងៃទី​០៧មករា ម្សិលមិញនេះ​។​

ក្នុងឱកាស​នោះ លោក អភិបាលស្រុកថនសុវណ្ណា គូសបញ្ជាក់​ថា៖ រូបភាពនៃការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទបច្ចុប្បន្ននេះ ជនល្មើសបានប្រព្រឹត្តិបទល្មើស ប្រើប្រាស់រូបភាព មានទម្រង់ ជាច្រើនប្រភេទ រាប់ទាំងការកេងប្រវញ្ច័ពលកម្មកុមារ អំពើហឹង្សាក្នុងគ្រួសារ ការកេងប្រវញ្ច័ផ្លូវភេទ ការជួញដូរមនុស្សឆ្លងដែន ការពពោះដោយខុសច្បាប់ជាដើម ។​

ប្រឈមបញ្ហានេះ លោកអភិបាលស្រុកបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋក្រីក្រនិងបងប្អូនចំ​ណាកស្រុកទាំងអស់ ត្រូវអប់រំកូនចៅ អោយប្រុងប្រយត្ន័​ខ្ពស់ ភ្ញាក់​រលឹកកុំចាញ់បោកមេខ្យល់ អូសទាញដោយមិនដឹងខ្លួន បង្កភាពអន្តរាយខ្លួនឯងផង សហគមន៍ផង និងសង្គមជាតិផងដែរ។​

លោកអភិបាលស្រុក ក៍បានដាស់តឿនបងប្អូន ត្រូវប្រកាន់ខ្ជាប់ នូវវិធានសុវត្តិភាពរបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ ការរីករាលដាលជំងឺកូវិដ-១៩ កុំអោយឆ្លងចូលក្នុងសហគមន៍៕