កូនមានអាចម៍ក្របីលើក្បាល គួរធ្វើបែបណា?

ទារកខ្លះ មានបញ្ហាកើតអាចម៍ក្របីលើក្បាល ហើយខ្លះទៀត ក៏គ្មាន ដែលបញ្ហានេះ កើតឡើងដោយសារការយកប្រេងកូឡា លាបលើក្បាលកូន ជ្រើសសាប៊ូខុសលាងសក់កូន មិនអស់សាប៊ូ ឬជូតសក់ មិនស្ងួត ជាដើម។ ក្រោយជួបបញ្ហានេះធ្វើឲ្យម៉ាក់ៗមានកង្វល់ យ៉ាងខ្លាំងតែបើតាមបទពិសោធម៉ាក់ ៗ មួយចំនួនអាច កម្ចាត់អាចម៍ក្របីរបស់កូនដោយចំណាយតិចរហ័ស ហើយមានប្រសិទ្ធភាពខ្ពស់ទៀតផង។

១- លាបប្រេងសម្រាប់ទារកលើក្បាល

សម្រាប់អ្នកម៉ាក់សម័យថ្មី លីន សូតា បានឲ្យដឹងថា កាលកូនអ្នកនាងមានវ័យ ១ខែ ស្រាប់តែលេចឡើង អាចម៍ពេញក្បាលទាំងមិនបានយកប្រេងកូឡាមក លាបលើក្បាលផង។ ក្រោយជួបរឿងនេះម៉ាក់ ៗ វ័យ ក្មេង ២៣ឆ្នាំ រូបនេះបានទៅពិភាក្សាជាមួយគ្រូពេទ្យ ជំនាញផ្នែកទារកហើយគេណែនាំឲ្យយកប្រេងទារក ម៉ាកណាក៏បានយកមកលាបឲ្យសព្វពេញក្បាល និងទុកចោល១៥ឲ្យអាចម៍ក្របីរីកចាំយកស្និតមកសិត ថើៗ ហើយបើមិនទាន់រីកល្អទុកបន្តិចទៀត ទើបពេល សិតទៅកូនមិនឈឺ ឬស្រគាលក្បាលនោះអាចម៍ក្របី នឹងរបើកមកទាំងផ្ទាំង ៗ។ បន្ទាប់ពីសិតយកកូនទៅ ងូតទឹកកកសក់ ហើយព្យាយាមយកពពុះសាប៊ូមកញី ថ្នម ៗ កន្លែងអាចម៍ក្របី និងលាងជម្រះឲ្យអស់ជាតិ ប្រេងព្រោះបើនៅមានជាតិរម្អិលអាចកើតរឹតតែច្រើន។ អ្នករស់នៅតាកែវបានបន្តទៀតថា សម្រាប់ម៉ាក់ណា មិនមានប្រេងសម្រាប់ទារកអាចប្រើប្រេងដូង ឬ អូលីវ ក៏ បានដែរហើយមានប្រសិទ្ធភាពដូចគ្នាដោយអាចធ្វើ រាល់ថ្ងៃក៏បាន ប្រាកដជាឆាប់ជ្រុះអស់។

 

២- ផ្សើមសក់ឲ្យសើម

បើអ្នកនាង ឈិន សំនៀង វិញមិនបានចំណាយប្រាក់ ទិញប្រេងអ្វីទាំងអស់ គ្រាន់តែមុនកក់សក់ឲ្យកូនយក ទឹកមកផ្សើមសក់សិន និងទុកចោលមួយសន្ទុះធំរួច យកស្និតមកសិតបញ្ច្រាសដើម្បីឲ្យរបើក។ បន្ទាប់ពី សិតអស់ ៤-៥ នាទី ចាំកក់សក់ឲ្យកូនធម្មតាហើយងូត រួចត្រូវជូតសម្អាតសក់ឲ្យស្ងួតចាំពាក់មួកឲ្យកូនព្រោះ បើជូតសក់កូនមិនស្ងួតវានឹងរឹតតែកើតច្រើនខ្លាំងឡើង ៗ។ ស្ត្រីកូន ៣រូប នេះបន្តទៀតថាបើម៉ាក់ៗ ណាឧស្សាហ៍ធ្វើ២ ដង/ថ្ងៃ យ៉ាងយូរមួយសប្ដាហ៍ក្បាលកូន នឹងជ្រុះអាចម៍ក្របីអស់ ហើយមិនចាំបាច់ប្រើអ្វីច្រើនឡើយព្រោះអាចនាំឲ្យកើតរឹតតែច្រើនព្រោះ ផលិតផល ខ្លះគ្មានគុណភាពធ្វើឲ្យស្បែកក្បាលកូនរលាក ឬស្ងួត។ បុគ្គលិករាជការ រូបនោះ បានបន្ថែមទៀតថាពេលដឹង ថាកូនកើតអាចម៍ក្របីបែបនេះត្រូវប្រញាប់រកវិធីកម្ចាត់ ព្រោះវាជាបណ្ដុំមេរោគមួយប្រភេទដែរ ហើយបែរទុកយូរអាចស៊ីជាប់ស្បែកក្បាលកូនទៅជាដំបៅរលួយ។

 

៣- ដូរសាប៊ូ និងដូររបៀបកក់

ប្រសិនបើយើងជ្រើសរើស សាប៊ូមិនបានត្រឹមត្រូវ ក៏ អាចធ្វើឲ្យកូនមានឡើងអាចម៍ក្របីផងដែរ ដូចនេះពេលប្រើទៅមិនឃើញបានផល ត្រូវដូរជាប្រញាប់ ហើយ ចៀសវាងយកសាប៊ូកក់សក់របស់យើងមកកក់ឲ្យកូន ព្រោះអាចបណ្ដាលឲ្យរលាក។ នេះជាការរៀបរាប់របស់ អ្នកនាង ក្រឹប សេងលី។ បុគ្គលិកក្រុមហ៊ុនលក់សម្ភារៈ ផ្ទះបាយបានបន្តទៀតថាការប្រើសាប៊ូកក់សក់ឲ្យកូន ទាមទារការពិនិត្យពិច័យខ្លាំងមិនមែនចេះតែប្រើតាមគ្នា ឡើយហើយរបៀបកក់សក់ឲ្យកូនរបស់ម៉ាក់ៗ មួយ ចំនួនធំគឺ ចាក់សាប៊ូលើក្បាលតែម្ដងដែលនេះជាទង្វើ ខុសឆ្គង។ នៅពេលចាក់សាប៊ូលើក្បាលកូនហើយ យើងញីមិនបានសព្វល្អព្រមទាំងលាងឆាប់រហ័ស ធ្វើឲ្យ ជាប់សាប៊ូខ្លះ។ វិធីត្រឹមត្រូវអ្នករស់នៅ ភ្នំពេញ បានបន្ត ទៀតថាគួរចាក់សាប៊ូនៅលើបាតដៃ និងញីឲ្យចេញពពុះ សិនចាំយកទៅញីលើក្បាលកូនហើយលាងសម្អាតឲ្យ បានយូរដើម្បីបង្ការខ្លាច សេសសល់សាប៊ូនៅស្បែក ក្បាល។

៤- លាងសក់ជាមួយទឹកក្ដៅ

តាមការចែករំលែករបស់ម៉ាក់ៗ សៀន ថាវី បានឲ្យដឹង ថាទឹកក្ដៅឧណ្ហៗ មានប្រសិទ្ធភាពបំផុតដោយ គ្រាន់តែ មុជទឹកជាមួយទឹកក្ដៅហើយលាយសាប៊ូកក់សក់នឹង ទឹកក្ដៅក្នុងកូនចានដែកតូចមួយរួចកូនកន្សែងទៅជ្រលក់ទឹកសាប៊ូមកញីលើសក់និងលាងជាមួយទឹកក្ដៅ តិចៗ ហើយយកក្រាស់មកសិតបណ្ដើរចាក់ទឹកលាង សក់បណ្ដើរអាចម៍ក្របី នឹងជ្រុះចេញមកទាំងផ្ទាំងៗ បើ ប្រើដៃកាន់តែដឹងពីកេះកាន់តែឆាប់អស់ ព្រោះដឹងពីកន្លែងណាមានច្រើនកន្លែងណាមានតិច។ បន្ទាប់ពី លាងជាមួយទឹកក្ដៅលើកកូនមកជូតខ្លួនជូតសក់រួច កោសផ្ទាំងអាចម៍ក្របីដែលជ្រុះមិនអស់ពេលលាងទឹក និង កំពុងរបើកក្រោយត្រូវទឹកកុំឲ្យប៉ះស្បែកក្បាល ព្រោះក្មេងអាចឈឺ។ បើធ្វើ៣ថ្ងៃជាប់គ្នាក្បាលកូននឹងរលោងស្អាតឡើងវិញ៕