ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១៦ និង ៤០នាទី ថ្ងៃ០៧ ខែមករា ឆ្នាំ២០២១ ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោក អនុសេនីយ៍ត្រី ហួត វឿន នាយការិយាល័យស្ដីទី និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ និងដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លា(ទឹកកក)ចំនួន១៤កញ្ចប់, ទូរស័ព្ទ ០៤គ្រឿង និងសម្ភារៈសេពថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕