ចោរឆក់ម្នាក់ត្រូវបាននារីជាជនរងគ្រោះជិះម៉ូតូដេញបុកបណ្តាលអោយដួល ហើយត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ប្រគល់អោយសមត្ថកិច្ច

រាជធានីភ្នំពេញ÷ មុខសញ្ញាជនសង្ស័យ ឆក់ទើបចេញពីគុក ម្នាក់ត្រូវបានកម្លាំងនគបាលប៉ុស្តិ៍ ឬស្សីកែវជួយអន្តរាគមន៍ ឃាត់ខ្លួនខណះពេល ដែលជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន ១២ប្រូមួយគ្រឿងហើយ ត្រូវនារីជាម្ចាស់ទូរស័ព្ទ ជិះម៉ូតូដេញបំបុក បណ្តាលអោយដួល ។

ហេតុការណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពី វេលាម៉ោងប្រមាណ១០និង ៥០នាទីព្រឹក ថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ ខាងសារិន ក្នុងភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យរូបនោះ ឈ្មោះ ញ៉ែម លីហូវ អាយុ ៣២ឆ្នាំ ស្នាក់នៅ ភូមិមិត្តភាពសង្កាត់ឬស្សីកែវ ខណ្ឌ ឬស្សីកែវ ជាមុខ សញ្ញាចាស់ដែលទើបចេញពីគុក បាន២ខែ ។

ចំណែកនារីក្លាហានជាម្ចាស់ទូរស័ព្ទឈ្មោះគង់ គឹមហួង អាយុ ២៧ឆ្នាំ ជាបុគ្គលិកផ្នែកលក់ នៅក្រុមហ៊ុនទឹកសុទ្ធមួយស្នាក់នៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញជិះ ម៉ូតូ ម៉ាកឃ្លិក ពណ៌ពាក់ស្លាកលេខបាតដំបង១U.៧៤១៣ មួយគ្រឿង ។

តាមនារីជាម្ចាស់ទូរស័ព្ទបានអោយដឹងថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿង ខាងលើកធ្វើដំណើរ តាមផ្លូវខាងសារិន ក្នុងទិសដៅ ពីជើងទៅត្បូង ។

ខណះមកដល់មុខរោងចក្រអគ្គីសនី ក៍បានឈប់ម៉ូតូលើកទូរស័ព្ទស្តាប់ សម្លេងសារ ស្រាប់តែជនសង្ស័យ មានគ្នាតែម្នាក់ឯង ជិះម៉ូតូម៉ាក ហុងដាសេ១២៥មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ១CJ.៧៧១៤មកធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច រួចព្យាយាមគេចខ្លួន ។

តាមនារីរូបនោះ បានអោយដឹងទៀតថា ដោយសារតែស្តាយទូរស័ព្ទ ដែលជាកម្លាំងញើសឈាម នាងបានស្រែក និងជិះម៉ូតូដេញតាមបំបុកពីក្រោយដោយពុំខ្លាចគ្រោះថ្នាក់ បណ្តាលអោយដួលទាំងអស់គ្នា ។

ភ្លាមៗជននោះ ក៍បានស្ទុះងើបឡើងយក ទូរស័ព្ទដែលឆក់បានបោកចោលនិងវាយ មកលើនាងបណ្តាលអោយថ្លក់ដៃ។

បន្ទាប់ពីមានការភ្ញាក់ផ្អើល ត្រូវបានកម្លាំងនគរបាលព្រមទាំងប្រជាពលរដ្ឋនាំគ្នា ជួយឃាត់ខ្លួនបានតែម្តង។

តាមនគរបាលអោយដឹងថាទៀតថា ជនសង្ស័យ ជាមុខ សញ្ញាឆក់និងគាស់ផ្ទះ ហើយត្រូវបាននគរបាលប៉ុស្តិ៍ ឃាត់ខ្លួនបានម្តងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាត់ទោសជាប់គុកចំនួន ៤ឆ្នាំទើបចេញបាន២ខែ ធ្វើសកម្មភាពឆក់ទៀត។

ជនសង្ស័យខាងលេីត្រូវបាននគរបាលឃាត់ខ្លួន សាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ ឬស្សីកែវ ចំណែក ម៉ូតូនិងទូរស័ព្ទត្រូវបានគរបាលប្រគល់អោយម្ចាស់វិញ ៕