តុលាការ​កូរ៉េខាងត្បូង កាត់ក្ដី​ឲ្យ​ជប៉ុន​ផ្តល់​សំណង​ដល់​ជនរងគ្រោះ​ផ្លូវភេទ​ក្នុង​សង្គ្រាមលោកលើកទី​២

បរទេស ៖ តុលាការ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៨ ខែមករា បាន​បញ្ជា​ឲ្យ​ជប៉ុន​ផ្ដល់​សំណង​ជា​ប្រាក់​១០០​លាន​វ៉ុ​ន (៩១៣០០​ដុល្លា​អាមេរិក​) ឲ្យ​ស្ត្រី​ដែលជា​ជនរងគ្រោះ​ផ្លូវភេទ​១២​នាក់​ក្នុងអំឡុងពេល​សង្គ្រាមលោក​លើក​ទី​២​។ នេះ ជា​ជ័យជម្នះ​ផ្នែក​ច្បាប់​ជា​លើកដំបូង​ប្រឆាំងនឹង​រដ្ឋាភិបាល​ជប៉ុន​ពាក់ព័ន្ធ​រឿង​ទាសករ​ផ្លូវភេទ ប៉ុន្តែ​វា​ទំនង​ធ្វើ​ឲ្យ​មានការ​ខូចខាត​កាន់តែខ្លាំង​ទៅលើ​ទំនាក់ទំនង​របស់​ប្រទេសជិតខាង​ទាំងពីរ​។

តុលាការ​មួយ​ក្នុង​ក្រុង​សេ​អ៊ូ​ល បាន​បញ្ជា​ឲ្យ​ទីក្រុង​តូ​ក្យូ​ត្រៀម​លុយ​ដើម្បី​សងជំងឺចិត្ត​ដល់​ស្ត្រីជន​រងគ្រោះ​ដោយ​ការ​បៀតបៀន​ផ្លូវភេទ​ចំនួន​១២​នាក់ ដោយ​ម្នាក់ៗ​ត្រូវ​ទទួលបាន​លុយ​១០០​លាន​វ៉ុ​ន ដែល​ស្មើនឹង​៩១៣០០​ដុល្លារ​។ ពួកគេ ត្រូវបាន​បង្ខំ​ចេញ​ឆ្ងាយ​ពី​គ្រួសារ ហើយ​ឲ្យ​ធ្វើការ​នៅក្នុង​ផ្ទះបន របស់​ទាហាន​ជួរមុខ​ជប៉ុន​ក្នុងសម័យ​សង្គ្រាមលោកលើកទី​២​។
«​ភស្តុតាង សម្ភារ​ដែល​ពាក់ព័ន្ធ និង​ស​ក្សី បាន​បង្ហាញថា ជនរងគ្រោះ​បាន​រង​ទុក្ខលំបាក​យ៉ាងខ្លាំង ទាំង​បញ្ហា​ស្មារតី​ដែល​មិនអាច​នឹកស្មាន​ដល់ និង​ស្លាកស្នាម​នៃ​របួស​រាងកាយ​ដែល​នៅមាន​ដោយសារ​ទង្វើ​ខុសច្បាប់​របស់​ជនជាប់ចោទ​។ មកទល់ពេលនេះ មិនទាន់មាន​សំណង​ណាមួយ​ត្រូវ​ផ្ដល់​ឲ្យ​ពួកគេ​សម្រាប់​ការរង​ទុក្ខ​ដែរ​។​» នេះ​ជា​សាលក្រម​របស់​តុលាការ​កូរ៉េខាងត្បូង​ក្នុង​សវនាការ​ថ្ងៃទី​៨ ខែមករា ដោយ​សំដៅ​ជប៉ុន​ជាដើម​បណ្ដឹង​។
​បើតាម​ទីភ្នាក់ងារ​ពត៌មាន Yonhap ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង សុំ​ឲ្យ​មានការ​ដោះស្រាយ​វិវាទ​តាំងពី​ខែសីហា ឆ្នាំ​២០១៣ មកម្ល៉េះ​។ ក្នុង​បណ្ដឹង​នោះ ពួកគេ អះអាងថា បាន​ចាញ់បោក ឬ​បង្ខំ​ឲ្យ​ធ្វើ​ទាសករ​ផ្លូវភេទ ដូច្នេះហើយ​ពួកគេ​ទាមទារ​ប្រាក់​សំណង ១០០​លាន​វ៉ុ​ន​ឲ្យ​ជនរងគ្រោះ​ម្នាក់ៗ​សម្រាប់​ការឈឺចាប់​របស់​ពួកគេ​។​
​គិត​ត្រឹម​ឆ្នាំ​២០២១ ដើមបណ្តឹង​៥​នាក់​ប៉ុណ្ណោះ នៅ​រស់រានមានជីវិត​ក្នុងចំណោម​១២​នាក់​។
​ក្រោយ​ការប្រកាស​សាលក្រម ក្រសួងការបរទេស​ជ​ប៉ុន កោះហៅ​អគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​តូ​ក្យូ​ទៅ​សួរនាំ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Kyodo មន្ត្រី​ជប៉ុន​បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​រឿងនេះ ពិសេស​ការដែល​កូរ៉េខាងត្បូង​មិន​គិតគូរ​គោលការណ៍​អធិបតេយ្យ​ជាតិ​ក្នុងការ​សម្រេចចិត្ត​រប​ស់​ខ្លួន​។ ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន​វិញ អះអាងថា ជប៉ុន​មិន​ប្ដឹង​ជំទាស់​ឡើយ​។​
​លើសពីនោះ ក្រុង​តូ​ក្យូ ក៏​ធ្លាប់បាន​អះអាងថា ករណីនេះ​គួរតែ​ត្រូវបាន​លើកលែង ផ្អែកលើ​អភ័យឯកសិទ្ធិ​អធិបតេយ្យភាព ដែលជា​គោលការណ៍​ស្របច្បាប់​អនុញ្ញាត​ឲ្យ​រដ្ឋ​មួយ អាច​រួច​ផុតពី​បណ្តឹងរដ្ឋប្បវេណី​នៅក្នុង​តុលាការអន្តរជាតិ​។ ប៉ុន្តែ ជនរងគ្រោះ បានប្រកែក​ថា ច្បាប់​នេះ​មិនគួរ​ត្រូវបាន​យកមកអនុវត្ត​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នោះទេ​៕
By: Reatrey