លោកប្រធានាធិបតី Trump នឹង​មិន​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden 

នៅ​ថ្ងៃ​សុក្រ​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ថ្លែង​ថា លោក​នឹង​មិន​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២០ ខែ​មករា​ខាងមុខ​នេះ​ទេ។

នៅ​ក្នុង​សារ​បង្ហោះ​តាម​បណ្តាញ​ Twitter លោក Trump បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «ឆ្លើយ​ទៅ​កាន់​​អ្នក​ទាំង​អស់​ដែល​បាន​ចោទ​សួរ ខ្ញុំ​នឹង​មិន​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែ​មករា​នេះ​ទេ»។

ក្នុង​ប្រវត្តិ​នយោបាយ​អាមេរិក លោក​​ Trump នឹង​ក្លាយ​ជា​ប្រធានាធិបតី​ទី ២ ដែល​កំពុង​កាន់​តំណែង បន្ទាប់​ពី​អតីត​ប្រធានាធិបតី Andrew Johnson ដែល​បាន​សម្រេច​ចិត្ត​មិន​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី។

ដោយឡែក អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence ត្រូវបាន​គេ​រាយការណ៍​ថា នឹង​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden។

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AP