លោក Elon Musk វ៉ា​ដាច់លោក Jeff Bezos ក្លាយជាអ្នកមានជាងគេលើលោក

បរទេស ៖​ លោក Elon Musk  នាយកប្រតិបត្តិរបស់ក្រុមហ៊ុនTesla ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ដោយឈរពីលើលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon ដែលកាន់កាប់តំណែងនេះយូរមកហើយ។

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុនអវកាស Space X។ ​រូបភាព៖ AFP
ក្នុងសន្ទស្សន៍មហាសេដ្ឋីរបស់ទូរទស្សន៍ Bloomberg  លោក Elon Musk ប្រធានប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានឈរនៅលើតារាងអ្នកមានជាងគេបំផុត ជាមួយទ្រព្យសម្បត្តិរហូតដល់ទៅ ១៩៥ពាន់លានដុល្លារ។ ទិន្នន័យទ្រព្យសម្បត្តិនេះ គិតត្រឹមព្រឹកថ្ងៃទី៨ ខែមករា។
ចំណែកលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុនAmazon មានទ្រព្យសម្បត្តិចំនួន ១៨៥ពាន់លានដុល្លារ។ លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិ ១៣៤ពាន់លានដុល្លារ។

មួយរយៈពេលនៃការផ្ទុះកូវីដ-១៩ នៅក្នុងឆ្នាំ២០២០ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើងយ៉ាងគំហុក។ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មានតម្លៃមួយហ៊ុនត្រឹមតែជិត៩០ដុល្លារប៉ុណ្ណោះ រហូតដល់ថ្ងៃទី៧ ខែមករាឆ្នាំ ២០២១ ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីមួយនេះ មានតម្លៃរហូតដល់៨០៦ដុល្លារក្នុងមួយហ៊ុនឯណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ការហក់ឡើងនៃភាគហ៊ុនរបស់ក្រុមហ៊ុនTesla យ៉ាងច្រើនបែបនេះ ដោយសារតែក្រុមហ៊ុន បានលក់រថយន្តអគ្គិសនីរបស់ខ្លួនបាន ៤៩៩៥៥០គ្រឿង នៅក្នុងឆ្នាំ២០២០ ដែលស្ទើរតែជិតសម្រេចគោលដៅរបស់ខ្លួន ដែលដាក់ចេញចំនួន ៥០០០០០គ្រឿង។ ម៉្យាងការឡើងថ្លៃនៃភាគហ៊ុននេះ អាចមកពីគោលនយោបាយរបស់បក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋមួយចំនួនរបស់អាមេរិក ដែលផ្តោតលើគោលនយោបាយថាមពលបៃតង។កត្តាទាំងនេះ អាចជាផ្នែកដ៏ធំ ដែលជួយឲ្យប្រធានប្រតិបត្តិ Tesla រូបនេះ ក្លាយជាមហាសេដ្ឋីលំដាប់ទី១ នៅលើពិភពលោក។សូមបញ្ជាក់ថា តាមទិន្នន័យរបស់ទស្សាវដ្តី Forbes នៅដើមខែមិថុនា ឆ្នាំ២០២០ មហាសេដ្ឋីរូបនេះ មានទ្រព្យសម្បត្តិត្រឹមតែ ២៤ពាន់លានដុល្លារប៉ុណ្ណោះ៕By; Sovann