ឱកាសការងារក្នុងស្រុកប្រមាណ ២ម៉ឺនកន្លែងត្រៀមសម្រាប់ពលករខ្មែរមកពីថៃ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក

ក្រសួងការងារ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចអន្តរាគមន៍ជួយដោះស្រាយបញ្ហាការងារដល់បងប្អូនពលករដែលបានធ្វើដំណើរត្រឡប់ចូលស្រុកវិញ បានដាក់ចេញនូវវិធានការគាំទ្រ តាមរយៈទីភា្នក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបង្កលក្ខណៈឲ្យបងប្អូនពលករយើង បានចុះឈ្មោះ ទទួលព័ត៌មាន ស្វែងរកឱកាសការងារនៅក្នុងស្រុកកាន់តែងាយស្រួល បានជួបជុំក្រុមគ្រួសារ និងចៀងវាសធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃវិញ។

ក្នុងន័យនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបង្កើតក្រុមការងារមួយ ដែលមានភារកិច្ច ចុះឈ្មោះ តាមដាន និងឃ្លាំមើលជាប្រចាំពីស្ថានភាពដំណើរវិលត្រឡប់របស់បងប្អូនពលករមកពីប្រទេសថៃចូលស្រុកកំណើតតាមច្រកព្រំដែនសំខាន់ៗ ដើម្បីក្តាប់ព័ត៌មាន ផ្តល់ការគាំទ្រ និងជួយចុះឈ្មោះស្វែងរកការងារធ្វើក្នុងស្រុក បន្ទាប់ពីធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃ ដោយសុវត្ថិភាព។

ឯកឧត្តម ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានអះអាងថា ទីភ្នាក់ងារ NEA បានដាក់ចេញនូវយន្តការគាំទ្រនិងត្រៀមផ្តល់ឱកាសការងារប្រមាណ ២ម៉ឺនកន្លែងជាបឋមសម្រាប់ពលករខ្មែរ ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក ទៅតាមវិធានអនាម័យ សុខភាព និងការបង្ការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ការងារដែលបានត្រៀមសម្រាប់ពលករខ្មែរមានគ្រប់ប្រភេទនៅក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល សេវាកម្ម សំណង់ និងកសិកម្ម។

ក្រុមការងារNEA ត្រូវចុះសហការ សម្របសម្រួល ព្រមទាំងបង្កើតជនបង្គោលទំនាក់ទំនងជាមួយអាជ្ញាធររាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ ដើម្បីប្រមូលទិន្នន័យបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ដោយធ្វើបច្ចុប្បន្នភាព និងចងក្រងជាមូលដ្ឋានទិន្នន័យ ដើម្បីងាយស្រួលក្នុងការស្វែងរកព័ត៌មានពីការងារ ព្រមទាំងសំដៅឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងការផ្តល់សេវាការងារ និងជួយស្វែងរកការងារធ្វើគ្រប់ប្រភេទ ជូនដល់់បងប្អូនពលករទាំងអស់ដែលចង់បានការងារពិតប្រាកដ។

បន្ថែមលើនេះ ក្រុមការងារនេះ ក៏ត្រូវចុះធ្វើការផ្សព្វផ្សាយអំពីសេវាការងារ និងព័ត៌មានទីផ្សារការងារ ឲ្យបានជ្រួតជ្រាបទូលំទូលាយដល់បងប្អូនពលករតាមមណ្ឌលចត្តាឡីស័កនីមួយៗ ដោយធ្វើការចងក្រង ប្រមូល ជ្រើសរើសកម្លាំងពលកម្ម និងតម្រូវការកម្លាំងពលកម្មពីគ្រប់ប្រភេទ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ព្រមទាំងផ្តល់ការគាំទ្រ សម្របសម្រួលដល់រោងចក្រ សហគ្រាស និងវិនិយោគិន ដើម្បីងាយស្រួលផ្គូផ្គង និងផ្តល់ឱកាសការងារជូនដល់បងប្អូនពលករដោយផ្ទាល់ទាន់ពេលវេលាផងដែរ។

បើក្នុងករណីបងប្អូនពលករ ខកខានមិនទទួលបានព័ត៌មានអំពីឱកាសការងារ ដែលក្រុមការងារNEA បានចុះទៅផ្សព្វផ្សាយ ដល់ទីតាំងមណ្ឌលចត្តាឡីស័កនោះ បងប្អូនអាចធ្វើការទំនាក់ទំនងដោយផ្ទាល់ក៏បានតាមរយៈលេខទូរស័ព្ទ របស់មជ្ឈមណ្ឌលការងារទាំង១៣កន្លែង ដែលមាននៅតាមបណ្តារាជធានី-ខេត្តមួយចំនួន រួមមាន៖

– មជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ៖ លេខទូរស័ព្ទៈ០១៦ ៣២ ៦៦ ៥៥

– មជ្ឈមណ្ឌលការងារខេត្តបាត់ដំបង៖ លេខទូរស័ព្ទៈ០១៦ ៩២ ៦៦ ៥៥/០៥៣ ៧៣ ៣១ ១១

– មជ្ឈមណ្ឌលការងារខេត្តសៀមរាប៖ លេខទូរស័ព្ទៈ០១៦ ៥៣ ៦៦ ៥៥/០៦៣ ២១០ ២៧៧

– មជ្ឈមណ្ឌលការងារខេត្តព្រះសីហនុ៖ លេខទូរស័ព្ទៈ ០៨១ ៨៥ ៦៦ ៥៥

– មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ៖ លេខទូរស័ព្ទៈ ០៧៧ ២៣ ២៣ ៧៨/០១៦ ៧៨ ៦៦ ៥៥/០២៣ ៦៣៣ ៦០០២

– មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ៖ លេខទូរស័ព្ទៈ ០១៦ ៨៣ ៦៦ ៥៥/០៦២ ២១ ០២ ៧៧

– មជ្ឈមណ្ឌលការងារខេត្តព្រៃវែង៖ លេខទូរស័ព្ទៈ ០៨១ ៧៨ ៦៦ ៥៥/០៤៣ ២១០ ២៧៧

– មជ្ឈមណ្ឌលការងារខេត្តតាកែវ៖ លេខទូរស័ព្ទៈ ០១៦ ៦៧ ៦៦ ៥៥/០៣២ ២១០ ២៧៧

– មជ្ឈមណ្ឌលការងារខេត្តកំពត៖ លេខទូរស័ព្ទៈ ០១៦ ៥០ ៦៦ ៥៥/០៣៣ ២១០ ២៧៧

– មជ្ឈមណ្ឌលការងារខេត្តពោធិ៍សាត់៖ លេខទូរស័ព្ទៈ ០១០ ៧០ ៦៦ ៥៥/០៥២ ៧៤០ ២៧៧

– មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង៖ លេខទូរស័ព្ទៈ ០១៦ ៦៤ ៦៦ ៥៥/០៤៤ ៧១៥ ២៧៧

– មជ្ឈមណ្ឌលការងារខេត្តកំពង់ចាម៖ លេខទូរស័ព្ទៈ ០១៦ ៨៥ ៦៦ ៥៥/០៤២ ២១០ ២៧៧

– មជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង៖ លេខទូរស័ព្ទៈ ០១០ ៧៤ ៦៦ ៥៥/០៧៤ ២១២ ២៧៧

ឬទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖០៧៧ ២៣ ២៣ ៧៨/០១៦ ៧៨ ៦៦ ៥៥