ក្រុមក្រសួងការពារជាតិដណ្តើមបានលេខ១ ជើងឯកថ្នាក់ជាតិកីឡាសីដក់

ក្រុមក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាបុរស ៣នាក់ទល់៣នាក់ នៅក្នុងការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បន្ទាប់ពីបានយកឈ្នះលើគូប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាបុរស ៣នាក់ទល់៣នាក់នេះ ក្រុមក្រសួងការពារជាតិ បានយកឈ្នះលើក្រុមមជ្ឈមណ្ឌល ខ.ភ.ម ដោយលទ្ធផល ២សិតទល់០ ក្នុងពិន្ទុ ២១ទល់១២ និង ២១ទល់១៣ ដោយក្រុមក្រសួងការពារជាតិដណ្តើមបានជើងឯក ខណៈក្រុមមជ្ឈមណ្ឌល ខ.ភ.ម បានត្រឹមរងជើងឯក រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមដេអិន។ ចំពោះលទ្ធផលជ័យលាភី២វិញ្ញាសាទៀតរួមមាន៖ ផ្នែកក្រុមនារី ២នាក់ទល់ ២នាក់ ចំណាត់ថ្នាក់លេខ១ បានលើក្រុមមជ្ឈមណ្ឌល ខ.ភ.ម, លេខ២ ក្រុមក្រសួងការពារជាតិ២ និងលេខ៣ ក្រុមក្រសួងការពារជាតិ១។ ក្រុមបុរស ២នាក់ទល់២នាក់៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមក្រសួងមហាផ្ទៃ, លេខ២ ក្រុមក្រសួងការពារជាតិ និងលេខ៣ ក្រុមមជ្ឈមណ្ឌល ខ.ភ.ម។

ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ នាឆ្នាំ២០២០។ ជាការពិតណាស់ ការប្រកួតរយៈពេលពីរថ្ងៃនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ កីឡាការិនីម្នាក់ៗ បានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់កីឡាករ កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត។ ជាមួយគ្នានេះក៏ជាឱកាសផ្តល់ជូនគណៈកម្មការរៀបចំការប្រកួត បានដកស្រង់ និងពង្រីកបទពិសោធន៍ ដើម្បីធ្វើឲ្យកម្មវិធីរៀបចំការប្រកួតកាន់តែមានភាពទាក់ទាញដល់ទស្សនិជន។

ឯកឧត្តមប្រធានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ខាងមុខនេះ ហើយដើម្បីឲ្យកីឡាសីដក់នៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាពទទួលបានលទ្ធផលល្អនៅពេលដ៏ខ្លីខាងមុខ ឯកឧត្តមបានផ្តល់អនុសាសន៍ដូចជា ១.ត្រូវខិតខំបណ្តុះបណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ កីឡាការិនី ក្លឹប សមាគម កីឡាសីដក់ ឱ្យបានទូលំទូលាយ។ ២.ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម ឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព។ ៣.ត្រូវជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំនៅតាម បណ្តាក្លឹប សមាគម។ ៤.ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងសហព័ន្ធ ក្លឹប សមាគម ទូទាំងប្រទេស។ ៥.ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើន ក្នុងមួយឆ្នាំតាមដែលអាចធ្វើបាន។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត មាស សារិន បានកោតសរសើរចំពោះប្រតិភូដឹកនាំ ក្លឹប សមាគម កីឡាសីដក់ នៃក្រសួង ស្ថាប័ន អង្គការ រាជធានី ទាំងអស់ដែលបានបញ្ជូនប្រតិភូកីឡារបស់ខ្លួន ចូលរួមក្នុងការប្រកួតខាងលើ ប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ហើយគោរពបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួតឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនគិតតែពីការយកឈ្នះចាញ់ ពោលគឺឈរលើស្មារតី កីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើនគុណផលបច្ចេកទេស៕