ឃាត់ខ្លួន​បុរស​ម្នាក់​ ករណីឆក់កាបូបជនជាតិបារាំងនៅសៀមរាប

​សៀមរាប​៖​ សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​ បាន​ឃាត់ខ្លួន​ជន​បុរស​ម្នាក់​ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​)​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ់​ន​។​

​ជនសង្ស័យ​ឈ្មោះ​ ឡា​ច​ ភី​រម្យ​ ហៅ​ទី​ន​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១២​ នៅ​ចំណុច​ខាងជើង​វត្ត​ថ្មី​ តាម​បណ្តោយ​ផ្លូវ​កូ​ម៉ៃ​ ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​)​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ខាងលើ​ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​កាបូប​របស់​ជន​រង​គ្រោះ​ឈ្មោះ​ MARQUT​ GENEIEVE​ ភេទ​ស្រី​ អាយុ​៧១​ឆ្នាំ​ ជនជាតិ​បារាំង​ ដោយ​ក្នុង​កាបូប​មាន​ទូរស័ព្ទ​ម៉ាក​Iphone6s​ plus​ ពណ៌​ទឹកប្រាក់​ចំនួន​០១​គ្រឿង​ លុយ​១០០​ដុល្លារ​ លុយ​ខ្មែរ​៨​ម៉ឺន​រៀល​ កាត​ATM​ ប័ណ្ណបើកបរ​ និង​សម្ភារៈ​មួយ​ចំនួន​ ខណៈ​ដែល​ជន​រង​គ្រោះ​ជិះ​កង់​មក​ពី​ប្រាសាទ​អង្គរ​ ដោយ​ដាក់​កាបូប​ក្នុង​កន្ត្រក​ ពុំ​បាន​ចងខ្សែ​កាបូប​ភ្ចា​ប់​នឹង​កង់​ ហើយ​ជិះ​គេចខ្លួន​។​

បន្ទាប់​ពី​ទទួល​បណ្តឹង​ និង​សាកសួរ​សាក្សី​នៅ​កន្លែង​កើតហេតុ​រួច​ កម្លាំង​បាន​ កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ​ ដោយនៅ​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០២១​ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ​ ដា​ ចំរើន​ អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ បាន​ដឹកនាំ​កម្លាំង​ព្រហ្មទណ្ឌ​ និង​កម្លាំង​ប៉ុស្តិ៍​ពាក់ព័ន្ធ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ នៅ​ភូមិ​ស្វាយព្រៃ​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​.​ខេត្តសៀមរាប​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ខាងលើ​ បាន​ឆ្លើយ​ថា​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ឆក់​កាបូប​ជន​រង​គ្រោះ​ដោយ​មាន​ទូរស័ព្ទ​ នឹង​ប្រាក់​ខាងលើ​ពិតមែន​ រីឯ​កាបូប​ជនសង្ស័យ​បាន​ដុត​បំផ្លាញ​ ។​ បន្ទាប់​មក​យើង​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​ជនសង្ស័យ​លទ្ធផល​ វិជ្ជមាន​(+)​ (​មាន​ផ្ទុក​សារធាតុ​ញៀន​)​។​

​ ករណី​នេះ​ សមត្ថកិច្ចជំនាញបាន​ឃាត់ខ្លួន​ជនសង្ស័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​ ៕