ចិន លុបបំណុលឲ្យកុងហ្គោ ដែលចូលរួមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ជាមួយខ្លួន

បរទេស ៖ ចិន លុបកម្ចីដែលមានតម្លៃទឹកប្រាក់២៨លានដុល្លារ និងផ្តល់ជំនួយ១៧លានដុល្លារដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្រោយកុងហ្គោក្លាយជាប្រទេសទី៤៥ដែលចូលរួមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។ ការលុបប្រាក់កម្ចីនេះធ្វើឡើងនៅថ្ងៃទី៧ មករា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនទៅប្រទេស៥ក្នុងទ្វីបអាហ្វ្រិកដែលមានកុងហ្គោ នីហ្សេរីយ៉ា បុតស្វាណា តង់សានី និង សីស្ហែល។
កុងហ្គោដែលជាប្រទេសមានធនធានរ៉ែដ៏ច្រើនមហាសាល ខ្ចីប្រាក់ពីចិនចំនួន៥៣ដងពីឆ្នាំ២០០០ ដល់ពី២០១៨ ដែលមានតម្លៃសរុបជាង២,៤ពាន់លានដុល្លារ។ ប្រាក់ដែលកុងហ្គោខ្ចីពីចិន យកទៅប្រើប្រាស់ក្នុងវិស័យថាមពល ដឹកជញ្ជូន និងរុករករ៉ែជាដើម។ ការលុបបំណុលរបស់ចិននេះ មានតម្លៃត្រឹមតែ២៨លានដុល្លារប៉ុណ្ណោះ នឹងដែលជាកម្ចីដែលត្រូវសងនៅចុងឆ្នាំ២០២០។ នេះយោងតាមសារព័ត៌មានរដ្ឋចិនXinhua។
លោកវ៉ាង យីរដ្ឋមន្ត្រីការបរទេសចិន អះអាងថាការលុបបំណុលនេះ គឺជាការជួយកុងហ្គោក្នុងការទប់ស្កាត់ទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩។ ចំណែកប្រាក់ជំនួយ១៥លានដុល្លារ នឹងត្រូវផ្តល់ទៅគម្រោងអភិវឌ្ឍ រីឯ២លានដុល្លារផ្សេងទៀតជាការជួយកុងហ្គោក្នុងនាមជាប្រធានឆ្លាស់វេនសហភាពអាហ្វ្រិកនៅឆ្នាំក្រោយ។ បន្ថែមពីនេះចិន ក៏អះអាងថានឹងជួយជួសជុលអាគារក្រសួងការបរទេសកុងហ្គោផងដែរ។
«ខ្ញុំសង្ឃឹមអំពីការចាប់ផ្តើមជាថ្មី នូវគណៈកម្មការរួមសម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ»។ នេះជាការថ្លែងរបស់លោកFelix Tshisekedi ប្រធានាធិបតីកុងហ្គោ ដោយអរគុណចិនចំពោះការលុបកម្ចី ការទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេសនេះ។ លោកបន្ថែមថា កុងហ្គោស្វាគមន៍ក្រុមហ៊ុនចិនបន្ថែមទៀត ឲ្យមកវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាវិស័យផ្សេងទៀត។
នៅថ្ងៃទី៦ មករា កុងហ្គោក្លាយជាប្រទេសទី៤៥ ដែលចូលរួមគំនិតផ្តួចគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ ដែលរួមមានការសាងសង់ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង និងដូចជារោងចក្រផលិតថាមពលអគ្គីសនីផងដែរ។ ថ្លែងនាពេលចុះកិច្ចហត្ថលេខា ជាមួយសមភាគីកុងហ្គោលើឯកសារស្តីពីគំនិតផ្តួចផ្តើមខាងលើ លោកវ៉ាងថាចិន និងកុងហ្គោប្តេជ្ញាក្នុងការអភិវឌ្ឍរួមគ្នា ក៏ដូចជាទទួលបានវិបុលភាពរួមគ្នាផងដែរ។
ក្រុមហ៊ុនចិនវិនិយោគក្នុងទឹកប្រាក់ដ៏ច្រើនសម្បើមនៅកុងហ្គោ ជាពិសេសក្នុងវិស័យរុករករ៉ែកូបាល់ និងទង់ដែង។ ប្រទេសនេះ នាំចេញរ៉ែកូបាល់ដល់ទៅ៦០ភាគរយនៃរ៉ែប្រភេទនេះដែលនាំចេញក្នុងពិភពលោក។
ចំពោះទំនាក់ទំនាក់ចិន-កុងហ្គោវិញ លោកMark Bohlund អ្នកវិភាគនៅស្ថាប័នREDD Intelligence អះអាងថាការដែលក្រុមហ៊ុនចិនមានវត្តមាននៅកុងហ្គោកាន់តែច្រើន អាចជាកត្តាមួយដែលរដ្ឋមន្ត្រីការបរទេសចិនមកបំពេញទស្សនកិច្ចនៅប្រទេសនេះ។ ប៉ុន្តែចំពោះការលុបបំណុលដោយចិន លោកBohlund អះអាងថាជារឿងគួរឲ្យសាទរ ប៉ុន្តែវាមិនផ្លាស់ប្តូវអ្វីច្រើនឡើយ ដោយសារប្រទេសនេះមានបំណុលតិចជាងប្រទេសផ្សេងៗទៀតក្នុងតំបន់។
លោកBohlund អះអាងថា អ្វីដែលជាបញ្ហាប្រឈមសម្រាប់កុងហ្គោ គឺការទទួលបានហិរញ្ញវត្ថុសម្រាប់វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកវិស័យអប់រំ ដោយអាចស្វែងរកជំនួយពីចិន ឬស្ថានប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជាធនាគារពិភពលោកជាដើម៕
From: https://thmeythmey.com
By: Reatrey