ទំនិញខួចគុណភាពជិត ០១តោន ត្រូវសមត្ថកិច្ចគយចាប់បាន និងធ្វើការដុតកំទេចចោល

នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២១ ក្រុមអន្តរាគមការិយាល័យ សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ នៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ បានធ្វើការស្ទាក់ឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាក KIA ពាក់ស្លាកលេខ ភ្នំពេញ 3A-8866 ជារថយន្តដឹកទំនិញ បង្កប់ផលិតផលមានដើមកំណើតពីសត្វជ្រូករួមមាន ឆ្អឹងជំនីរ អណ្តាត សាច់ ស្លឹកត្រចៀក បេះដូង ពោះវៀនតូច ពោះវៀនធំ ច្រមុះ ក្រលៀន ចំនួន ៣៤កេះ ស្មើនឹង ៩៣៥ គីឡូក្រាម នៅចំណុចមុខស្នាក់ការគយ និងរដ្ឋាករ ខាងលិចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ។ បន្ទាប់ពីត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា ផលិតផលទាំងនោះ បានប្រែប្រួលសភាពដើម មានក្លិនស្អុយ (រលាយទឹកកកអស់) សមត្ថកិច្ចជំនាញបានក៏ឯកភាពគ្នាធ្វើការដុតកម្ទេចចោលតាមវិធានការបសុពេទ្យ​ នៅចំណុចភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១៥ និង៣០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ដោយយោងលើសារាចរលេខ ០៧ សរ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពី វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់ ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៩ ៕