មន្ត្រី​មួយ​ចំនួន​លាលែង​ពី​តំណែង ដោយ​លើកឡើង​ពី​អំពើ​ហិង្សា​នៅ​វិមាន​សភា​ដែល​បញ្ឆេះ​ឡើង​ដោយ​លោក Trump

អាមេរិច ៖ អ្នកស្រី Elaine Chao រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា អ្នកស្រី​នឹង​លា​ចេញ​ពី​តំណែង។អ្នកស្រី​គឺ​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ទី​មួយ​ដែល​នឹង​លា​ចេញ​ពី​តំណែង ដោយសារតែ​ការ​ឈ្លានពាន​ដ៏​ប្រល័យ​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ពុធ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​គាំទ្រ​ឥត​សណ្តាប់ធ្នាប់​របស់​លោក Trump។
អ្នកស្រី Chao គឺជា​ភរិយា​របស់​មេដឹកនាំ​គណបក្ស​សំឡេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធសភា​លោក Mitch McConnell ដែល​ជា​សម្ព័ន្ធមិត្ត​នយោបាយ​ដ៏​ជិតស្និទ្ធ​របស់​លោក Trump។ អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​មាន «សេចក្ដី​អំពល់​យ៉ាងខ្លាំង» អំពី​អំពើ​ហិង្សា​កាលពី​ថ្ងៃ​ពុធ ដែល​បាន​អុចអាល​បញ្ឆេះ​ដោយ​វោហាសាស្ត្រ​របស់​លោក Trump។
អ្នកស្រី Chao បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «កាល​ពី​ថ្ងៃ​ពុធ ប្រទេស​របស់​យើង​បាន​ជួប​ប្រទះ​ព្រឹត្តិការណ៍​គួរ​ឲ្យ​តក់ស្លុត ​ដែល​អាច​ជៀសវាង​បាន​ទាំង​ស្រុង នៅ​ពេល​ដែល​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ប្រធានាធិបតី​បាន​វាយ​សង្គ្រប់​សម្រុក​ចូល​អាគារ​សភា បន្ទាប់ពី​លោក​ប្រធានាធិបតី​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការ​ជួបជុំ​ជាមួយ​ពួកគេ​មក។ ដូច​ទៅ​នឹង​មនុស្ស​ជាច្រើន​ទៀត​ដែរ ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ខ្វាយខ្វល់​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ធ្វើ​ព្រងើយ​បាន»។
កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​អ្នកស្រី Betsy DeVos បាន​ក្លាយជា​សមាជិក​គណៈរដ្ឋមន្ត្រី​ទី​ពីរ​ដែល​នឹង​លា​ចេញ​ពី​តំណែង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មាន​អំពើ​ហិង្សា​នៅ​វិមាន​សភា។ អ្នកស្រី​បាន​បន្ទោស​លោក Trump ចំពោះ​ការ​អុចអាល​ឲ្យ​មាន​បញ្ហា​នេះ​ឡើង។
អតីត​នាយ​ខុទ្ទកាល័យ​របស់​សេតវិមាន​លោក Mick Mulvaney បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ក៏​លា​ចេញ​ពី​តំណែង​ជា​បេសកជន​ពិសេស​សម្រាប់​ប្រទេស​អៀរឡង់​ខាង​ជើង ហើយ​ថា មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​ក៏​បាន​ពិចារណា​អំពី​ការ​ចុះចេញ​ពី​តំណែង​នេះ​ផងដែរ៕
From: https://thmeythmey.com
By: Reatrey