សុខ រក្សា ទន្ទឹង​ចង់បាន​កូន​ជា​ថ្មី​ម្តង​ទៀត​​ជាមួយ​អ្នក​នាង ​កុ​ល ដា​វី

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក សុខ រក្សា នៅ​តែ​រក្សា​ជំហរ និង​ការ​ទន្ទឹង​ចង់បាន​កូន​ជា​ថ្មី​ម្តងទៀត​ជាមួយនឹង​ភរិយា​អ្នក​នាង កុ​ល ដា​វី ក្នុង​ពេល​ដែល​កូន​ដំបូង​របស់​ពួក​គេ​បាន​ជួប​បញ្ហា​មិន​អាច​ចាប់កំណើត​មើល​ភព​ផែនដី​នេះ​បាន​។ យ៉ាងណា បើ​ទោះបីជា​មាន​បញ្ហា​កូន​ដំបូង​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​ទាំង​លោក សុខ រក្សា និង កុ​ល ដា​វី នៅ​តែ​សន្សំ​ចិត្តនឹង​សម្រេច​ក្តី​ស្រមៃ​របស់​ពួក​គេ ដោយ​នឹង​យក​កូន​ម្តងទៀត​មិន​អ​ង្អ​ង់​យូរ​ឡើយ ដើម្បី​ធ្វើ​ឱ្យ​ជីវិត​គ្រួសារ​របស់​ពួក​គេ​កាន់តែ​មាន​សុភមង្គល​។

ជា​ការ​កត់សម្គាល់ កាលពី​អំឡុង​ថ្ងៃ​ខួបកំណើត​របស់​ភរិយា​នាង កុ​ល ដា​វី កាលពី​ពេល​ថ្មី​ៗ​នេះ ម្ចាស់​បទ ទឹក​លើ​ផ្កាឈូក លោក សុខ រក្សា បាន​បង្ហោះ​រូបភាព​អោយ​ថើប​យ៉ាង​ផ្អែមល្ហែម​ជា​មួយនឹង​ភរិយា ដោយ​អម​ជាមួយនឹង​សារ​ថា ប្តី​សូម​ជូនពរ​ថ្ងៃ​ខួបកំណើត ប្រពន្ធ​ជាទី​ស្រលាញ់រ​បស់បង សូម​អោយ​មាន​សម្រស់​កាន់តែ​ស្រស់​ស្អាត សុខភាព​ល្អ ជោគជ័យ​ជាមួយ​មុខរបរ​រកស៊ី។ បន្ថែម​ពីលើ​សារ​ជូនពរ​ភរិយា​នា​ពេល​នេះ លោក សុខ រក្សា ក៏​បាន​បញ្ជាក់​នូវ​អត្ថន័យ​ចុង​ក្រោយ​ថា សូម​អោយ​ស្នេហា​ពួក​យើង​រស់នៅ​បាន​យូរអង្វែង​រហូត​ចាស់​កាន់​ឈើច្រត់ និង សូម​អោយ​ពួក​យើង​ឆាប់​មាន​បុត្រ​ជាទី​ស្រលាញ់​រស់នៅ​ជុំ​គ្នា​មាន​សុភមង្គល​។ ក្នុង​ន័យ គឺ​បញ្ជាក់​ថា តារា​ចម្រៀង​លោក សុខ រក្សា នៅ​តែ​បង្ហាញ​ក្តី​រំពឹង​នឹង​ទទួល​បាន​ចំណងដៃ​កូន​ដំបូង​ជា​ថ្មី​របស់​ខ្លួន​ឡើង​វិញ​នា​ពេល​ឆាប់​ៗ​នេះ បើ​ទោះបីជា​ភរិយា​របស់​លោក​បាន​ជួប​បញ្ហា​កូន​លើក​ដំបូង​កាលពី​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ​។

គួរ​បញ្ជាក់​ថា ភរិយា​របស់​លោក សុខ រក្សា គឺ​តារា​សម្តែង​ចាស់វស្សា​នាង កុ​ល ដា​វី បាន​បាត់បង់​ក្តី​ស្រមៃ​របស់​ខ្លួន​នៅ​ក្នុង​ការ​រក្សា​តំណក់ឈាម​លើក​ដំបូង​របស់​ពួក​គេ​ក្រោយ​រៀប​ការ បន្ទាប់​ពី​អ្នក​នាង កុ​ល ដា​វី បាន​បាត់បង់​កូ​នៅ​ក្នុង​ផ្ទៃ ដោយសារ​បញ្ហា​បេះដូង​លែង​ដើរ​។ ការ​បាត់បង់​កូន​ដំបូង​ដោយ​មិន​នឹក​ស្មាន​ដល់​នា​ពេល​នេះ​ត្រូវ​បាន​លោក សុខ រក្សា បញ្ចេញ​ឲ្យ​ដឹង​តាម​បណ្តា​គ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​នាំ​ឲ្យ​មហាជន​សម្តែង​ការ​ហួសចិត្ត និង​សោកស្តាយ​ចំពោះ​ពួក​គេ​។ ជាមួយនឹង​ការ​បាត់បង់​កូន​ដំបូង​នា​ពេល​នេះ​លោក សុខ រក្សា បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​លើកទឹកចិត្ត​ភរិយា​ថា «​តាំង​អារម្មណ៍ តាំងស្មារតី​អោយ​រឹង​មាំ​ណា​ប្រពន្ធ​សំលាញ់​ចិត្ត របស់​បង អូន​មាន​ប្តី នៅ​ជិត​អូន​ហើយ ធ្វើ​ម៉េច​និស្ស័យ​កូន ហើយ​និង​ពួក​យើង បាន​ត្រឹមតែ​ប៉ុណ្ណឹង​សំខាន់​បំផុត គឺ​សុខភាព​របស់​អូន​»​។ ជាមួយ​គ្នា​នោះ​ផង​ដែរ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង កុ​ល ដា​វី ក៏​បាន​បង្ហោះ​សារ​យ៉ាង​ខ្លី​ដែរ​ថា «​ពុទ្ធោ​អើយ បេះដូង​កូន​ខ្ញុំ​ឈប់​ដើរ​ហើយ​»​។ ក្រោយ​ពី​បាន​ចាប់ដៃ​គ្នា​ចូល​រោង​រួច​មក​ទាំង លោក សុខ រក្សា និង​ភរិយា​អ្នក​នាង កុ​ល ដា​វី បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកប​របរ​រកស៊ី ខណៈ​ពេល​ពួក​គេ​បាន​រង​ចាំ​ជា​យូរ​ឆ្នាំ​ដើម្បី​សម្រេច​ក្តី​បំណង​មាន​ដំណក់ឈាម​រួម​គ្នា​នេះ​។ យ៉ាងណា បន្ទាប់​ពី​បាត់បង់​ក្តី​សង្ឃឹម​នៅ​ក្នុង​ការ​មានកូន​លើក​ដំបូង​នោះ ទាំង​លោក សុខ រក្សា និង​នាង កុ​ល ដា​វី នៅ​តែ​បន្ត​ការ​សន្សំ​ចិត្តនឹង​ទទួល​បានកូន​ម្តងទៀត​នា​ពេល​ឆាប់​ខាង​មុខ​នេះ ដើម្បី​រឹតចំណង​ស្នេហ៍​របស់​ពួក​គេ​កាន់តែ​រឹង​មាំ ក្នុង​ពេល​ដែល​វ័យ​របស់​ពួក​គេ​ក៏​កាន់តែ​ជ្រេ​បន្តិច​ហើយ​នោះ​៕
From: https://kohsantepheapdaily.com.kh/
By: Reatrey