អាមេរិក កាណាដា អង់គ្លេស និងអូស្ត្រាលីថ្កោលទោសការចាប់ខ្លួនសកម្មជនហុងកុង៥៣នាក់

បរទេស​ ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក កាណាដា អង់គ្លេស និងអូស្ត្រាលី ចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោស ការចាប់ខ្លួនសកម្មជនហុងកុងចំនួន៥៣រូប។ រដ្ឋមន្ត្រីទាំង៤ ទាមទារឲ្យចិន គោរពសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋដែលរស់នៅក្នុងតំបន់ពាក់កណ្តាលស្វយ័តមួយនេះ។
នៅថ្ងៃទី៦ មករា ប៉ូលិសហុងកុងចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យចំនួន៥៣នាក់។ សកម្មភាពរបស់អាជ្ញាធរហុងកុង គឺជាការចាប់ខ្លួនអ្នកប្រឆាំងនឹងរដ្ឋាភិបាលចិនដ៏ច្រើនបំផុត តាំងតែពីច្បាប់ស្តីពីសន្តិសុខជាតិត្រូវបានអនុម័តក្នុងឆ្នាំ២០២០។ អ្នកប្រឆាំងរដ្ឋាភិបាលចិន ធ្លាប់បានអះអាងថាច្បាប់នេះគឺជាធ្វើឡើងក្នុងន័យបង្ក្រាបអ្នកដែលមានគំនិតប្រឆាំងរដ្ឋាភិបាលចិន។
«វាជារឿងច្បាស់ណាស់ ដែលច្បាប់សន្តិសុខជាតិហុងកុងត្រូវបានប្រើដើម្បីកំចាត់អ្នកប្រឆាំង និងអ្នកមានទស្សនៈផ្ទុយ»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំង៤ក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញដោយលោកស្រី Marise Payne រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។នេះយោងតាមទីភ្នាក់ងារព័ត៌មានReuters។
ក្នុងសេចក្តីថ្លែងការណ៍នេះ រដ្ឋមន្ត្រីទាំង៤ ទាមទារឲ្យអាជ្ញាធហុងកុង និងចិន គោរពសិទ្ធិនិងសេរីភាពដែលធានាដល់ពលរដ្ឋហុងកុង និងធានាថាពលរដ្ឋហុងកុងនឹងមិនរងការចាប់ឬឃុំខ្លួន។ ឆ្លើយតបទៅនឹងការចាប់ខ្លួននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ៃ ប៉ុមប៉េអូ អះអាងថាអាមេរិកអាចនឹងដាក់ទណ្ឌកម្មទៅលើបុគ្គល និងស្ថាប័នដែលពាក់ព័ន្ធនឹងការចាប់ខ្លួននេះ។ ចំណែកលោកPeter Stano អ្នកនាំពាក្យសហភាពអឺរ៉ុបលើកឡើងថា ការចាប់ខ្លួនសកម្មជនហុងកុងនេះ គឺជាសញ្ញាបញ្ជាក់ថាគំនិតនយោបាយពហុនិយម ពុំត្រូវបានអាជ្ញាធរអត់អោនឲ្យទៀតហើយ។ លោកStano អះអាងថាសហភាពអឺរ៉ុបកំពុងពិចារណាវិធានការសមស្រប ដើម្បីប្រតិកម្មតប។
សកម្មជនហុងកុងចំនួន៥៣នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ដោយសារតែបានរៀបចំការបោះឆ្នោតក្រៅផ្លូវការមួយ។ ការរៀបចំនេះ ត្រូវបានអាជ្ញាធរហុងកុងចាត់ទុកថាជាផ្នែកមួយនៃគម្រោងក្នុងការផ្តួលរំលំរដ្ឋាភិបាលហុងកុង។ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់ មុនពេលថ្ងៃរះ រួមមានសមាជិកជាច្រើននៃគណបក្សប្រជាធិបតេយ្យនៅហុងកុង ដែលបានចូលរួមក្នុងការបោះឆ្នោតបឋមក្រៅផ្លូវការ កាលពីខែកក្កដា ដើម្បីជ្រើសរើសបេក្ខជនឱ្យចូលរួមឈរឈ្មោះបោះឆ្នោតនីតិប្បញ្ញត្តិ ដែលពីដំបូងគ្រោងនឹងចាប់ផ្តើមនៅខែកញ្ញា។ ការបោះឆ្នោតនេះត្រូវបានពន្យារពេល ដោយសារការឆ្លងរាតត្បាតនៃជំងឺរាតត្បាតកូវីដ-១៩។
មិនតែប៉ុណ្ណោះ អាជ្ញាធរហុងកុង ថែមទាំងចុះទៅការិយាល័យសារព័ត៌មាន Stand News, កាសែត Apple Daily និងសារព័ត៌មាន In-Media ដែលមាននិន្នាការទៅរកលទ្ធិប្រជាធិបតេយ្យផងដែរ។ ក្នុងប្រតិបត្តិការនេះ អ្នកសារព័ត៌មាន Stand News បានអះអាងថា ប៉ូលិស បានស្នើឲ្យនិពន្ធនាយករបស់ ពួកគេចុះហត្ថលេខាលើឯកសារជាច្រើនច្បាប់ ដែលទាក់ទិននឹងការស៊ើបអង្កេតលើច្បាប់សន្តិសុខជាតិហុងកុង។
អាជ្ញាធរហុងកុងបានបង្ក្រាបកាន់តែខ្លាំងឡើងលើកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងនេះ ចាប់តាំងពីរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ចេញច្បាប់សន្តិសុខជាតិថ្មី កាលពីខែកក្កដាមក៕
From: https://thmeythmey.com
By: Sovann