ឥណ្ឌូនេស៊ី​ថា​ខ្លួន​កំណត់​បាន​ទីតាំង​ប្រអប់​ខ្មៅ​ពី​យន្ដហោះ​ដែល​បាន​ធ្លាក់​នោះ​ហើយ

អាជ្ញាធរ​​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ពួកគេ​កំណត់​បាន​ទីតាំង​របស់​​ប្រអប់ខ្មៅ​ចំនួន​ពីរ​ពី​យន្ដហោះ​ឥណ្ឌូនេស៊ី​ដែល​បាន​ធ្លាក់​នោះ​ហើយ។ ប្រអប់ខ្មៅ​នោះ​គឺ​ជា​ប្រអប់​ផ្ទុក​ទិន្នន័យ​អំពី​ការ​ហោះហើរ​ ដែល​អាច​ឲ្យ​អាជ្ញាធរ​យល់​អំពី​រឿង​រ៉ាវ​ដែល​បាន​កើតឡើង​ចំពោះ​យន្ដហោះ​នោះ​បាន។ យន្ដហោះ​ដែល​បាន​ធា្លក់​កាល​ពី​ថ្ងៃ​សៅរ៍​នោះ​មាន​ផ្ទុក​អ្នក​ដំណើរ​ទាំងអស់​ចំនួន ៦២ នាក់។ ​

យន្ដហោះ​ប៊ូអ៊ីង​ប្រភេទ ៧៣៧-៥០០ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Sriwijaya Air បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​​ក្នុង​រយៈពេល​ប្រមាណ ៤ នាទី​ក្រោយ​ពី​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Soekarno-Hatta ក្នុង​ទីក្រុង​ហ្សាការតា កាល​ពី​រសៀល​ថ្ងៃ​សៅរ៍។ ​

​ក្រុមការងារ​ស្វែងរក​ដែល​មាន​ទាំង​ការ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ និង​នាវា​ចម្បាំង​មួយ​ចំនួន​ផង​នោះ​ហាក់​ដូចជា​មិន​ផ្ដល់​ក្ដី​សង្ឃឹម​ទេ​ថា នឹង​អាច​ស្វែងរក​ឃើញ​អ្នក​នៅ​រស់រាន​មាន​ជីវិត​បាន។

ទីភ្នាក់ងារ​ស្វែងរក​និង​ជួយ​សង្គ្រោះ​បាន​ឲ្យ​ដឹង​ថា មក​ទល់​នឹង​ពេល​នេះ ខ្លួន​ប្រមូល​បាន​ផ្នែក​នៃ​រាងកាយ​មនុស្ស​ចំនួន​ ៥ ថង់ និង​កម្ទេចកម្ទី​​បាក់បែក​មួយ​ចំនួន​ពី​កន្លែង​ធ្លាក់​យន្ដហោះ​នោះ​ផង​ដែរ៕