០៩មករា! ពលករចំនួន៨៩នាក់ បានត្រលប់ទៅកាន់លំនៅដ្ឋានវិញបន្ទាប់ពីបានបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃរួចមក

នៅរសៀលថ្ងៃសៅរិ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជូនដំណើរប្រជាពលករដែលត្រឡប់មកពីប្រទេសថៃ ដែលបញ្ជប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កកម្រិត១ នៃវិទ្យាល័យព្រះមុនីវង្ស ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ជួបជុំបងប្អូន និងបន្តប្រកបអាជីវកម្មទៀត ។

គួរបញ្ជាក់ថា បើយោងតាមការលើកឡើងរបស់តំណាងមន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តបាត់ដំបង បានលើកឡើងថា ពលករដែលបានមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កម្រិត១វិទ្យាល័យព្រះមុនីវង្សនេះ ត្រូវបានបញ្ជូនមកពីច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ សរុបទាំងអស់មានចំនួន២៧៣នាក់ ក្នុងនោះស្ត្រីចំនួន១០៨នាក់ ហើយកន្លងមកបានបញ្ជូនពួកគាត់ទៅកាន់ផ្ទះសំបែងវិញចំនួន១៦២នាក់មកហើយ សរុបទាំង២លើកចំនួន២៥១នាក់ នៅសល់ចំនួន២២នាក់ទៀតកំពុងធ្វើចត្តាឡីស័កបន្តទៀត ហើយនៅក្នុងការធ្វើចត្តាឡីស័កនេះ ក្រុមគ្រូពេទ្យជំនាញជារៀងរាល់ថ្ងៃបានធ្វើការអប់រំបញ្ហាសុខភាពប្រចាំថ្ងៃ ការពិនិត្យសុខភាពមានបាញ់អាល់កុលសំអាតដៃ ការពិនិត្យកំដៅ បើមានបញ្ហាសុខភាពតិចតួចនឹងពិគ្រោះជំងឺជូនគាត់ ការចែកម៉ាស និងការយកសំណាកក្នុងម្នាក់យក២លើកដើម្បីស្វែងរកជំងឺកូវីដ១៩ ហើយបើមានការសង្ស័យនឹងយកសំណាកពីគាត់លើសពី២ដង ក្នុងនោះក៏មានការផ្តល់អាហារដល់ពួកគាត់ក្នុង១ថ្ងៃ៣ពេល ក្រោមការឧបត្ថម្ភពីរដ្ឋបាលខេត្តបាត់ដំបង ទន្ទឹមនឹងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានជួយឧបត្ថម្ភជាឃីត ក្នុងម្នាក់មួយឈុតទៀត សម្រាប់សម្រួលដល់ការរស់នៅប្រចាំថ្ងៃផងដែរ ។ លោកបានបញ្ជាក់ថា ក្រោយពេលបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ រដ្ឋបាលក្រុងបាត់ដំបងមានចេញលិខិតបញ្ជាក់ការធ្វើចត្តាឡីស័ក១៤ថ្ងៃជូនពួកគាត់ ដើម្បីបញ្ជាក់ថា ពួកគាត់បានចូលរួមអនុវត្តតាមវិធានអនាម័យ និងការណែនាំរបស់ក្រសួងសុខាភិបាល ហើយក្នុងអំឡុងពេលស្នាក់នៅនេះ ក្រុមគ្រូពេទ្យបានអប់រំណែនាំអំពីកូរីដ-១៩និងថែទាំ ពិនិត្យតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ ហើយបញ្ជាក់ថាលទ្ធផលតេស្ត អវិជ្ជមានទាំង២លើក និងគ្មានរោគសញ្ញាណាមួយជាករណីសង្ស័យទាក់ទងនឹងជំងឺកូវីដ១៩-នោះទេ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកទឹកចិត្តដល់ពលករទាំងអស់ថា បើទោះបីជាពលករទាំងអស់ បានបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃក៏ដោយ តែការអនុវត្តតាមវិធានអនាម័យ និងការណែនាំរបស់ក្រសួងសុខាភិបាលនៅតែបន្តធ្វើដដែល មានន័យថាត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម បានក្រើនរំលឹកថា ក្នុងករណីមានលេចចេញនូវរោគសញ្ញាណាមួយ ដូចជា ក្តៅខ្លួន លើសពី៣៧,៥អង្សារ ក្អក ឈឺបំពង់ក ហៀរសំបោរ ត្រូវឆាប់រាយការណ៍មកអង្គភាពសុខាភិបាល រួចប្រញាប់មកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតជាបន្ទាន់ ដើម្បីរួមគ្នាទប់សា្កត់កុំឲ្យមានការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ ៕