ក្រុមជួយសង្រ្គោះរកឃើញទីតាំងប្រអប់ខ្មៅនៃយន្តហោះដឹកអ្នកដំណើរឥណ្ឌូណេស៊ី ដែលបាន​ធ្លាក់ចូលសមុទ្រ

ឥណ្ឌូណេស៊ី ៖ យោងតាមការបញ្ជាក់របស់អគ្គមេបញ្ជាការកងទ័ពរបស់ឥណ្ឌូណេស៊ី បានឲ្យដឹងថា ក្រុមជួយសង្រ្គោះរកឃើញទីតាំងនៃប្រអប់ខ្មៅយន្តហោះ ដឹកអ្នកដំណើរឥណ្ឌូណេស៊ី ដែលបាន​ធ្លាក់ចូលសមុទ្រ នេះបើយោងតាមការចេញផ្សាយរបស់ CNA នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។

សូមជំរាបថា ក្រុមអ្នកជួយសង្រ្គោះក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យ បានប្រមូលបំណែកសាកសពមនុស្សបានចំនួន៥ថង់ដាក់សព និងបំណែកយន្ដហោះចំនួន៣ថង់ ចេញពីទីតាំង ដែលយន្ដហោះ Boeing 737 ដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) បានធ្លាក់កាលពីថ្ងៃសៅរ៍ម្សិលមិញ។
មកទល់ពេលនេះ ប្រតិបត្តិការជួយសង្រ្គោះ និងតាមរកយន្ដហោះដែលបានធ្លាក់ចូលក្នុងសមុទ្រ នៅតែបន្តធ្វើឡើងនៅឡើយ។ យន្តហោះដឹកអ្នកដំណើរខាងលើ ដែលមានជើងហោះហើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាន នៃទីក្រុង ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។
នៅថ្ងៃទី១០ ខែមករានេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសាច់ញ្ញាតិជនរងគ្រោះ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១។
ថ្លែងនៅក្នុងសន្និសារព័ត៌មានពីចម្ងាយ លោក Widodo បានគូសបញ្ជាក់ដូច្នេះថា៖ «តំណាងឱ្យរដ្ឋាភិបាល និងប្រជាជនឥណ្ឌូណេស៊ីទាំងអស់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខ យ៉ាងក្រៀមក្រំ ចំពោះសោកនាដកម្មមួយនេះ»។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានជំរុញផងដែរ ឱ្យក្រុមអ្នកជួយសង្រ្គោះ និងយោធា បញ្ចប់ការតាមរកយន្ដហោះបាត់ខ្លួន និងជួយសង្រ្គោះជនរងគ្រោះ ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ហើយមិនតែប៉ុណ្ណោះលោកក៏បានអំពានាវផងដែរ ឱ្យប្រជាជនជួយបន់ស្រន់ទាំងអស់ ដើម្បីរកឃើញ ជនរងគ្រោះក្នុងពេលឆាប់ៗនេះ។
From: FN
By: Reatrey