ចូល​ឆ្នាំ​ថ្មី​ភ្លាម​! Salah ផ្តល់​កាដូ​យ៉ាង​ពិសេស​ដល់​ស្រុក​កំណើត

អេ​ហ្ស៊ី​ប ៖ កីឡាករ Mohamed Salah ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpool នៅ​ដើមឆ្នាំ ២០២១ នេះ បាន​បន្ត​ផ្តល់​កាដូ​យ៉ាង​ពិសេស​បន្ថែម​ទៀត គឺ​ស៊ីឡាំង​អុក​ស៊ី​សែន​ដល់​មន្ទីរពេទ្យ​នៅ​ឯ​ស្រុក​កំណើត​របស់​គេ ដើម្បី​ជួយ​អ្នកជំងឺ​ដែល​កំពុង​ផ្ទុក​កូ​វី​ដ​១៩​។​ ​ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​វ័យ​២៨​ឆ្នាំ ដែល​កើត​ក្នុងភូមិ Nagrig ភាគ​ពាយព្យ​ប្រទេស កន្លងទៅធ្លាប់បានចេញ​ប្រាក់​ផ្ទាល់ខ្លួន ដើម្បី​សាងសង់​ស្ថានីយ៍​រថយន្ត​សង្គ្រោះ​បន្ទាន់​, សាលារៀន​សម្រាប់​ក្មេង​ស្រី​, កន្លែង​កម្សាន្ត​កីឡា ជា​ពិសេស​គឺ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​។ដោយឡែក​ទ​ង្វើ​សប្បុរសធម៌​ចុង​ក្រោយ​របស់​គេ បាន​កើតឡើង​តាម​រយៈ​សមាគម​សប្បុរសធម៌ Nagrig ហៅ​កាត់​ថា «NCA» ដែល​រូបគេ​បានបង្កើត​ដោយ​ផ្ទាល់​កាលពី​ឆ្នាំ ២០១៧ បន្ទាប់​ពីបាន​ដឹង​ថា អ្នកជំងឺ​ផ្ទុក​វីរុស​កូ​វី​ដ​ជា​ច្រើន បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ដោយសារ​តែ​កង្វះ​អុក​ស៊ី​សែន​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ។នាយក​អង្គការ NCA លោក Hassan Bakr បាន​ថ្លែងប្រាប់​វិទ្យុ Cairo ថា «Salah និង​ក្រុម​គ្រួសារ​របស់​គាត់ បាន​បរិច្ចាគ​ស៊ីឡាំង​អុក​ស៊ី​សែន​ដល់​មន្ទីរពេទ្យ Basyoun ដើម្បី​ជួយ​ដល់​អ្នកជំងឺ​ផ្ទុក​កូ​វី​ដ​ទាំងអស់​នៅ Nagrig​។ ហើយ​ជា​រឿយ​ៗ​គាត់​តែងតែ​ធ្វើ​អន្តរាគមន៍​លើ​បញ្ហា​នានា ដែល​កើត​មាន​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​តាម​រយៈ​ការ​បរិច្ចាគ​យ៉ាងច្រើន​»៕ (​ដកស្រង់​ចេញពី Dailymail)
From:  https://kohsantepheapdaily.com.kh/
By: Reatrey