ជប៉ុន បន្តរកឃើញ​កូ​វីដ​-១៩​បំប្លែង​ខ្លួន​ថ្មី​មួយទៀត​លើ​អ្នកដំណើរ​មកពី​ប្រេ​ស៊ី​ល

ជប៉ុន ៖ វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ត្រូវបាន​រកឃើញ​លើ​អ្នកដំណើរ​ចំនួន​៤​រូប មកពី​រដ្ឋ​អា​ម៉ា​ហ្សូ​ន ប្រទេស​ប្រេ​ស៊ី​ល​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល​ជប៉ុន​នៅ​ថ្ងៃអាទិត្យ ទី​១០ មករា​។ អ្នកជំនាញ​ជប៉ុន កំពុង​សិក្សា​ពី​វីរុស​បំប្លែង​ខ្លួន ដោយ​វាយតម្លៃ​លើ​ល្បឿន​ចម្លង និង​កម្រិត​គ្រោះថ្នាក់​។
កូ​វីដ​-១៩ បំប្លែង​ខ្លួន​មួយ​ប្រភេទ​ទៀត ត្រូវបាន​រកឃើញ​នៅ​ជប៉ុន​។ ទម្រង់​ថ្មី​នេះ គឺ​ខុសពី​ទម្រង់​បំប្លែង​ខ្លួន​ដែល​រក​អង់គ្លេស និង​អាហ្វ្រិក​។ ក្រសួងសុខាភិបាល​ជប៉ុន​បញ្ជាក់ថា ទម្រង់​ថ្មី ត្រូវ​រកឃើញ​លើ​អ្នកដំណើរ​មកពី​ប្រេ​ស៊ី​ល​។
​ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​១០ ខែមករា ក្រសួងសុខាភិបាល​ជប៉ុន​លើកឡើងថា ក្នុងចំណោម​អ្នកធ្វើដំណើរ​ទាំង ៤​នាក់ ដែល​បាន​មកដល់​អាកាសយានដ្ឋាន Haneda នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃទី​២ ខែមករា មាន​បុរស​វ័យ ប្រហែល​៤០​ឆ្នាំ​ម្នាក់​មាន​បញ្ហា​ដកដង្ហើម ស្ត្រី​ក្នុង​វ័យ​៣០​ឆ្នាំ​ម្នា​ក់មាន​អា​ការៈឈឺ​ក្បាល​និង​ឈឺបំពង់ក បុរស​វ័យ​ជំទង់​មាន​សភាព​គ្រុនក្តៅ រីឯ​ក្មេងស្រី​ជំទង់​ម្នាក់ មិនទាន់មាន​រោគសញ្ញា​អ្វី​ទេ​។​។ អ្នកដំណើរ​ទាំងអស់​ដែល​ទៅ​ជាមួយគ្នា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ក្រុង​តូ​ក្យូ​។​
​លោក Takaji Wakita ប្រធាន​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺឆ្លង​របស់​ជប៉ុន និយាយ​ក្នុង​សន្និសីទ​សារពត៌មាន​ថា នៅពេលនេះ គេ​មិនមាន​ព័ស្តុតាង​ណា​អាច​បង្ហាញថា​វីរុស​ប្រភេទ​ថ្មី​ដែល​បាន​រកឃើញ​លើ​អ្នកដំណើរ​មកពី​ប្រេ​ស៊ី​ល​នោះ​មាន​សម្ថ​ភាព​ក្នុង​ការឆ្លង​ខ្ពស់ជាង​មុន​នៅឡើយ​ទេ​។​
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល ក៏បាន​ជូនដំណឹង​ទៅ​ជប៉ុន​ពី​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី​ដែរ​។ មន្ត្រី​ក្រសួងសុខាភិបាល​ជប៉ុន​លើកឡើងថា ពួកគេ​កំពុង​ចាប់ផ្តើម​សិក្សា​ទៅលើ​ប្រសិទ្ធិភាព​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស​ប្រភេទ​ថ្មី ដែលមាន​ភាពខុសគ្នា​នឹង​ការឆ្លង​របស់​វីរុស​ប្រភេទ​ថ្មី​រកឃើញ​នៅ​ចក្រភព​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង​ដែល​បង្ក​ឲ្យ​មាន​ករណី​ឆ្លង​ច្រើន​នៅ​តំបន់​នានា​ជុំវិញ​ពិភពលោក​។
​វីរុស​បំប្លែង​ខ្លួន​ថ្មី ត្រូវបាន​រាយការណ៍​ដំបូង​នៅ​អង់គ្លេស ដែល​ត្រូវបាន​គេ​ហៅថា VUI 202012/01​។ តម​ក នៅ​អាហ្វ្រិក​ខាងត្បូង ក៏​រកឃើញ​វីរុស​ថ្មី​នេះ​ត្រូវបាន​គេ​ហៅថា 501.V2 ដែលជា​ការលូតលាស់ បំបែក​ខ្លួន​ពី​វីរុស​ចាស់ ហើយ​អាច​ចម្លង​បាន​លឿន និង​មាន​សមត្ថភាព​ខ្ពស់​ផង​។ ប៉ុន្តែ​គេ​នៅ​មិនទាន់មាន​ការបញ្ជា​ក់ណា​ដែលថា វា​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ជាង​មុន​នោះទេ ឬក៏​អាច​ទប់​ទល់នឹង​វ៉ាក់សាំង​បានដែរ​៕
From: https://thmeythmey.com
By: Reatrey