ប្រធានាធិបតីឥណ្ឌូណេស៊ី សម្ដែងមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារជនរងគ្រោះក្នុងសោកនាដកម្មធ្លាក់យន្ដហោះ

ហ្សាការតា ៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នៅថ្ងៃអាទិត្យនេះ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសាច់ញ្ញាតិជនរងគ្រោះ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ព័ត៌មានចិនស៊ីនហួ នៅថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១។

ថ្លែងនៅក្នុងសន្និសារព័ត៌មានពីចម្ងាយ លោក Widodo បានគូសបញ្ជាក់ដូច្នេះថា៖ «តំណាងឱ្យរដ្ឋាភិបាល និងប្រជាជនឥណ្ឌូណេស៊ីទាំងអស់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខ យ៉ាងក្រៀមក្រំ ចំពោះសោកនាដកម្មមួយនេះ»។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ក៏បានជំរុញផងដែរ ឱ្យក្រុមអ្នកជួយសង្រ្គោះ និងយោធា បញ្ចប់ការតាមរកយន្ដហោះបាត់ខ្លួន និងជួយសង្រ្គោះជនរងគ្រោះ ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ហើយមិនតែប៉ុណ្ណោះលោកក៏បានអំពានាវផងដែរ ឱ្យប្រជាជនជួយបន់ស្រន់ទាំងអស់ ដើម្បីរកឃើញ ជនរងគ្រោះក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរខាងលើដែលមានជើងហោះហើរ SJ182 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលដឹកអ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់ (សរុប៦២នាក់) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា កាលពីវេលាម៉ោង ២៖៣៥នាទីរសៀល (ម៉ោងនៅហ្សាការតា) ហើយគ្រោងទៅចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង ផុនធាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan)។
ទិន្នន័យពីវែបសាយ Flightradar24 បានបង្ហាញថា នៅរយៈពេល៤នាទីក្រោយហោះឡើងចេញពីទីក្រុងហ្សាការតា ទាំងមានភ្លៀងធ្លាក់ខ្លាំង យន្តហោះរបស់អាកាសចរណ៍ Sriwijaya បានបាត់បង់រយៈកម្ពស់ដល់ទៅប្រមាណ៣,០០០ម៉ែត្រ តែក្នុងពេលមិនដល់១នាទីឡើយ មុនពេលបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដា និងចូលក្នុងសមុទ្រ។

ដោយឡែក រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Budi Karya Sumadi បានឱ្យដឹងថាយន្ដហោះនេះបានធ្លាប់ចូលក្នុងសមុទ្រជ្វា (Java Sea) ស្ថិតនៅក្បែរកោះ Laki ដែលស្ថិតនៅចំងាយ២០គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីហ្សាការតា។ មកទល់នឹងពេលនេះ ក្រុមអ្នកជួយសង្រ្គោះកំពុងបង្កើនប្រតិបត្តិការជួយ​សង្រ្គោះ បន្ទាប់​ពី​ពួកគេ​ចាប់​បាន​សញ្ញាចំនួន ២ដែលទំនងជាចេញពីប្រអប់ខ្មៅនៃយន្ដហោះ រួមទាំងបំណែកសាកសព និងបំណែកយន្ដហោះមួយចំនួនផងដែរ៕

From: FN
By: Reatrey