ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ចូល​រួម​មរណទុក្ខ​ក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ​

ឥណ្ឌូនេស៊ី៖ កាលពី​ថ្ងៃអាទិត្យ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​​បាន​សម្ដែង​សមាន​ទុក្ខ​ យ៉ាង​ក្រៀម​ក្រម​ចំពោះ​សាច់ញាតិ​ និង​មិត្តភ័ក្ដិ​របស់​ជនរងគ្រោះ ​លើ​យន្តហោះ​ដែល​បាន​ធ្លាក់​ភ្លាមៗ​ បន្ទាប់ពី​ហោះ​ចេញពី​ទីក្រុង​ហ្សា​កាតា​កាលពី​ថ្ងៃមុន​។

លោក​ប្រធានាធិបតី ​Joko Widodo បាន​និយាយ​ថា​ លោក​បាន​បញ្ជា​ឱ្យ​មាន​ការស៊ើបអង្កេត​លើ “​គ្រោះ​មហន្ត​រាយ​នេះ​” ហើយ​បាន​បួងសួង​សុំ​ឲ្យ​រក​ឃើញ​ជនរងគ្រោះ​ទាំងនោះ​។​ គេ​នៅ​ពុំ​ទាន់​ដឹង​ពី​មូល​ហេតុ​អ្វី​ដែល​នាំ​ឱ្យ​ជើង​ហោះហើរ​ ដែល​មាន​មនុស្ស​ចំនួន ៦២​នាក់​នៅ​លើ​យន្តហោះ​រួម​ទាំង​កុមារ ៧​នាក់​ និង​ទារក ៣​នាក់​នោះ​ធ្លាក់​នៅឡើយ​ទេ​។​ មិន​មាន​សញ្ញា​ណាមួយ​នៃ​អ្នក​រស់​រាន​មាន​ជីវិត​ទេ​។​ ក្រុម​អ្នក​នេសាទ​នៅ​ក្នុង​តំបន់​រវាង​កោះ​ឡាន​កាង ​(Lancang) ​និង​កោះ​ឡា​គី (Laki)​ ដែល​ជា​ផ្នែក​មួយ​នៃ​ប្រជុំ​កោះ​នៅ​ជុំវិញ​កោះ​រាប់ពាន់​ នៅ​ភាគ​ខាងជើង​នៃ​ឆ្នេរសមុទ្រ​របស់​ទីក្រុង​ហ្សា​កាតា​ បាន​រាយ​ការណ៍​ថា ​ពួកគេ​បាន​លឺ​សំឡេង​ផ្ទុះ​នៅ​ម៉ោង ២ និង ៣០​នាទី​កាលពី​ថ្ងៃ​សៅរ៍​។

រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន ​លោក ប៊ូ​ឌី កា​យ៉ា​ស៊ូ​ម៉ា​ឌី (Budi Karya Sumadi)​ បាន​និយាយ​ថា ​ជើង​ហោះ​ហើរ SJ182 ត្រូវ​បាន​ពន្យារពេល​មួយ​ម៉ោង​ មុន​ពេល​ហោះហើរ​នៅ​ម៉ោង ២:៣៦​នាទី​រសៀល​។​ លោក​បាន​និយាយ​ថា ​យន្តហោះ​នេះ​បាន​បាត់​ពី​រ៉ា​ដា ៤​នាទី​ក្រោយ​មក ​បន្ទាប់ពី​អ្នក​បើក​យន្តហោះ​បាន​ទាក់​ទង​ ​ទៅកាន់​ភ្នាក់ងារ​គ្រប់គ្រង​ចរាចរណ៍​អាកាស ​ដើម្បី​ឡើង​ដល់​កម្ពស់ ២៩.០០០​ហ្វី​ត​ឬ (៨.៨៣៩​ម៉ែត្រ​)៕

ប្រភព