លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកកំពុងផុយស្រួយ និងកំពុងទទួលរងការគំរាមកំហែង?

បរទេស៖​ នៅ​សហរដ្ឋអាមេរិក ថ្ងៃ​ទី៦ មករា ឆ្នាំ ២០២១ អាច​ជា​ថ្ងៃ​ដែល​ពលរដ្ឋ​អាមេរិក​គ្រប់រូប និង​គ្រប់​និន្នាការ​នយោបាយ​ចារ​ទុក​ក្នុង​ប្រវត្តិសាស្រ្ត។ រូបភាព​ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង គឺ​ការ​សម្រុក​ចូល​ទៅ​ក្នុង​វិមាន​រដ្ឋសភា​របស់​ក្រុម​សកម្មជន​គាំទ្រ​ប្រធានាធិបតី​ចាញ់ឆ្នោត​លោក​ដូណាល់ ត្រាំ។ រឿងរ៉ាវ​មួយ​នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​សមាជិក​សភា​កំពុង​ពិនិត្យ និង​បោះឆ្នោត​បញ្ជាក់​ពី​ជ័យជម្នះ​របស់​លោក​ចូ បៃដិន​នា​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃទី ៣ វិច្ឆិកា ឆ្នាំ ២០២០។ ហេតុការណ៍​នៅ​ក្នុង​វិមាន​រដ្ឋសភា​ក្នុង​ថ្ងៃទី៦ មករា​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ព្រោងព្រាត​នៅ​សហរដ្ឋអាមេរិក និង​នៅ​ទូទាំង​ពិភពលោក។ មាន​ការ​កត់សម្គាល់​ចំនួន ២ចំណុច​នៅ​ក្រោយ​ហេតុការណ៍​នោះ ទី១ ភាព​ឯកោ​កាន់​តែ​ខ្លាំង​ឡើង​របស់​លោក​ត្រាំ និង​ភាព​ផុយស្រួយ​នៃ​លទ្ធិប្រជាធិបតេយ្យ​វ័យ ២០០ឆ្នាំ​របស់​សហរដ្ឋអាមេរិក។ នៅ​ក្រោយ​ហេតុការណ៍​ថ្ងៃទី៦ មករា លោក​ដូណាល់ ត្រាំ​ដែល​កំពុង​ឯកោ​ស្រាប់​កាន់​តែ​ឯកោ​ថែម​ទៀត។ ប្រធានាធិបតី​អាមេរិក​ផុតអាណត្តិ​រូប​នេះ​នៅ​តែ​មិន​ព្រម​ទទួល​ស្គាល់​បរាជ័យ​របស់​ខ្លួន ទោះ​បី​សភា​ទាំង​ពីរ​បាន​បញ្ជាក់​ពី​ជ័យជម្នះ​ផ្លូវការ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​លោក​ចូ បៃដិន​ក៏​ដោយ។ អ្វី​ដែល​លោកត្រាំ​បាន​បញ្ជាក់​នៅ​ក្រោយ​ការ​បញ្ជាក់​របស់​សភា​ទាំង​ពីរ​ពី​ជ័យជម្នះ​ផ្លូវការ​របស់​លោក​ចូ បៃដិន គឺ​លោក​យល់ព្រម​ឲ្យ​មាន​ការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី​នៅ​ថ្ងៃទី២០ មករា​ខាង​មុខ។ នៅ​មុន​ហេតុការណ៍​ថ្ងៃទី៦ មករា ក្រុម​អ្នកសាធារណរដ្ឋ​ខ្លះ និយាយ​ជា​រួម និង​ក្រុម​មនុស្សជំនិត​ខ្លះ​របស់​លោក​ត្រាំ និយាយ​ដោយ​ឡែក​ហាក់​បាន​បន្ត​គាំទ្រ​លោក​ត្រាំ​ផ្កាប់មុខ ពិសេស​ក្នុង​រឿង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ដែល​លោក​ត្រាំ​ថា​មាន​ការ​លួចបន្លំ​សន្លឹក​ឆ្នោត។ តែ​នៅ​ក្រោយ​ហេតុការណ៍​ថ្ងៃទី៦ មករា ពួក​គេ​បាន​ដោះដៃ​ចោល​លោក​ត្រាំ​ម្តង​ម្នាក់ៗ​ដោយ​ពួក​គេ​យល់​ថា អ្វី​ដែល​លោក​ត្រាំ​បាន​អំពាវនាវ​ឲ្យ​ក្រុម​សកម្មជន​របស់​លោក​ចុះ​ផ្លូវ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​រហូត​ចូលលុកលុយ​ប្រើ​អំពើហិង្សា​នៅ​ខាង​ក្នុង​វិមាន​រដ្ឋសភា គឺ​ជា​រឿង​ជ្រុលហួសហេតុ។ អ្នក​ដោះដៃ​ចោល​លោក​ត្រាំ​មុន​គេ គឺ​អនុប្រធានាធិបតី​លោក Mike Pence។ គឺ​លោក Pence ជា​អ្នក​បញ្ជា​ឲ្យ​ដាក់​កម្លាំងឆ្មាំជាតិ​ដើម្បី​ការពារ​វិមាន​រដ្ឋសភា ព្រោះ​តាម​ធម្មតា គឺ​លោក​ត្រាំ​ទេ​ដែល​ត្រូវ​បញ្ជា​ក្នុង​នាម​ជា​អគ្គមេបញ្ជាការ​កងទ័ព។ បន្ទាប់​មក លោក Pence មិន​បាន​ស្តាប់​លោក​ត្រាំ​ដោយ​បាន​ប្រកាស​ទទួល​ស្គាល់​ជ័យជម្នះ​របស់​លោក​ចូ បៃដិន។​នៅ​ផ្ទៃក្នុង​រដ្ឋបាល​លោក​ត្រាំ មាន​មន្រ្តី​មួយ​ចំនួន​បាន​ប្រកាស​លា​ចុះ​ពី​តំណែង និង​ខ្លះ​ទៀត​កំពុង​ពិចារណា​ពី​ការ​ចុះ​ចេញ​ពី​តំណែង​នៅ​ក្រោយ​ហេតុការណ៍​ថ្ងៃទី៦ មករា។ ជាក់ស្តែង ទីប្រឹក្សា​ចំនួន ២នាក់​របស់​ប្រពន្ធ​លោក​ត្រាំ​បាន​លា​ពី​តំណែង​ក្នុង​ថ្ងៃ​ពុធ ទី៦ មករា ហើយ​បើ​តាម​សារព័ត៌មាន​អាមេរិក ទីប្រឹក្សាសន្តិសុខជាតិ​លោក Robert O’Brien និង​លោក Matt Pottinger ដែល​ជា​ទីប្រឹក្សាសន្តិសុខជាតិ​រង​កំពុង​ពិចារណា​ពី​ការ​លា​ចេញ​ពី​តំណែង។ ទន្ទឹម​គ្នា​នេះ មន្រ្តី​ផ្សេង​ទៀត​សឹង​តែ​ទាំង​អស់​ក្នុង​រដ្ឋបាល​របស់​លោក​ត្រាំ​បាន​បរិហារ និង​ថ្កោលទោស​លើ​អំពើ​ហិង្សា​នៅ​ក្នុង​វិមាន​រដ្ឋសភា។
From: https://www.rfi.fr/km/
By: Reatrey