ការប្រកួតកីឡាទ្រីយ៉ាត្លុងជើងឯកថ្នាក់ជាតិ គ្រោងធ្វើថ្ងៃទី២០-២២ ខែមករា ឆ្នាំនេះ

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រកាសជូនដំណឹងជាថ្មី ស្តីពីការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដែលគ្រោងនឹងរៀបចំឡើងវិញ នាថ្ងៃទី២០ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅខេត្តកែប បន្ទាប់ព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំប្រចាំឆ្នាំរបស់ខ្លួនបានពន្យាពេល ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគូសបញ្ចាក់ថា ការរៀបចំការប្រកួតនេះ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿងការអភិវឌ្ឍសហព័ន្ធកីឡាជាតិឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាសផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាសហការ និងគាំទ្រដោយសាលាខេត្តកែបនឹងរៀបចំប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ដោយមាន៣វិញ្ញាសាដូចជា៖ ១.វិញ្ញាសាទ្រីយ៉ាត្លុង «TRIATHLON» បុរស-នារីមិនកំណត់អាយុ ដោយហែលទឹក ៧៥០ម៉ែត្រ+ជិះកង់ ២០គីឡូម៉ែត្រ+ រត់ប្រណាំង៥គីឡូម៉ែត្រ។ ២.វិញ្ញាសាឌូអាត្លុង «DUATHLON» បុរស-នារី មិនកំណត់អាយុ ដោយរត់ប្រណាំង ៥គីឡូម៉ែត្រ+ជិះកង់ ២០គីឡូម៉ែត្រ+រត់ប្រណាំង ២.៥គីឡូម៉ែត្រ។ ៣.វិញ្ញាសាអាគ័តត្លុង «AQUATHLON» បុរស-នារី អាយុក្រោម១៦ឆ្នាំ ដោយហែលទឹក ៣៥០ម៉ែត្រ+រត់ប្រណាំង ២.៥គីឡូម៉ែត្រ។ ការទទួលពាក្យចូលរួមប្រកួតនៅតែបើកទទួលចុះឈ្មោះរហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសហព័ន្ធ ស្ថិតនៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោកអគ្គលេខាធិការបន្ថែមទៀតថា ពេលនេះមានកីឡាករ កីឡាការិនីជាង៥០នាក់ហើយ មកពី៩ក្លិប-សមាគម ដែលបានចុះឈ្មោះចូលរួម ប៉ុន្តែសហព័ន្ធបានកំណត់ក្រោម៧០នាក់ ដោយផ្តោតលើសិទ្ធផល គុណភាព សមត្ថភាព មិនផ្តោតលើបរិមាណទេ។ អត្តពលិកដែលមិនបានហ្វឹកហាត់ត្រឹមត្រូវ មិនអនុញ្ញាតឲ្យចូលរួមប្រកួត ដែល ការពារគ្រោះថ្នាក់ជាយថាហេតុ ព្រោះប្រកួតក្នុងសមុទ្រ។ ការប្រកួតជើងឯកថ្នាក់ជាតិនេះ សហព័ន្ធនឹងប្រើរបៀបតាមទម្រង់ស៊ីហ្គេម ប៉ុន្តែចម្ងាយមិនទាន់ដល់កម្រិតស៊ីហ្គេមទេ ដោយឆ្នាំនេះការហ្វឹកហាត់របស់កីឡាករ កីឡាការិនី ហាត់តាមផ្ទះ ដោយសារវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលគ្រោងធ្វើឡើងនា ខែតុលាខាងមុខនេះ សហព័ន្ធនឹងរៀបចំការប្រកួតតាមទម្រង់ ស៊ីហ្គេម ដើម្បីត្រៀមចូលរួមប្រកួត ស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក៏ដូចជាគោលដៅឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ៕