ខ្ញីចាស់! ឃាត់លោកឪពុក ករណីហិង្សាក្នុងគ្រួសារ

ខេត្តកណ្ដាល÷ កើតហេតុថ្ងៃទី ១១.០១.២០២១ វេលាម៉ោង២០:៣០នាទី។ ចំណុច ផ្ទះជនរងគ្រោះភូមិ ព្រែកយាយហ៉ិនទី១ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះ (ត្រូវជាកូនបង្កើត)ឈ្មោះ ខាន់ ណារិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ មានទីលំនៅសព្វថ្ងៃ ភូមិព្រែកយាយហ៉ិនទី១ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ រងរបួសបែកចិញ្ចើមខាងឆ្វេងមួយកន្លែង។ ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ខាន់ ផល្លា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ មានទីលំនៅសព្វថ្ងៃ ភូមិព្រែកយាយហ៊ិនទី១ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ (ត្រូវជាឪពុកបង្កើត)

សភាពនៃរឿងហេតុ÷ កន្លងមកជនសង្ស័យធ្លាប់ប្រើហិង្សានៅក្នុងគ្រួសារជាច្រើនលើក ក្រោយពីផឹកស្រាស្រវឹងម្ដងៗ និងតែងតែដើរលេងល្បែងជល់មាន់ និងចាក់កន្ទុយលេខ។ នៅថ្ងៃទី ១១.០១.២០២១ ពេលវេលាម៉ោង១៨:០០នាទី ជនសង្ស័យបានឡើងមកពីចម្ការឪឡឹករបស់ខ្លួន ហើយបានមកផឹកស្រាបៀរនៅផ្ទះរបស់ឈ្មោះ នឿន ថាត ជាមួយនឹងមិត្តភក្កិឈ្មោះរ៉ា ឈ្មោះយុទ្ធ ឈ្មោះម៉ាប់ ឈ្មោះថា និង ០២នាក់ទៀតមិនស្គាល់ឈ្មោះ បាននាំគ្នាផឹកស្រាបៀរអស់ចំនួន០១កេះ រហូតដល់វេលាម៉ោង១៩:០០នាទី ក៏ឈប់ផឹកស្រា ហើយបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។ ពេលជនសង្ស័យទៅដល់ផ្ទះ ក៏បានជេរបញ្ចោររករឿងប្រពន្ធកូន បន្ទាប់មកជនសង្ស័យ ក៏បានស្ទុះទៅដាល់ជនរងគ្រោះ ដែលត្រូវជាកូនប្រុសរបស់ខ្លួនឈ្មោះ ខាន់ ណារិន ចំនួន០៣ដៃ ត្រូវចំខ្លួន ចំក្បាល និងចំចិញ្ចឹមខាងឆ្វេង បណ្ដាលឲ្យបែកហូរឈាម។ បន្ទាប់មកជនរងគ្រោះក៏បានរត់មកផ្ទះជីតារបស់ខ្លួនឈ្មោះ សិញ លី ដើម្បីឲ្យជួយ ពេលនោះជីតារបស់ជនរងគ្រោះ ក៏បាននាំជនរងគ្រោះទៅព្យាបាលរបួសនៅគ្លីនិកឯកជន នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ហើយម្ដាយជនរងគ្រោះ(ប្រពន្ធជនសង្ស័យ) ក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយ។ ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចប៉ុស្តិ៍ ក៏បានចុះទៅកន្លែងកើតហេតុហើយបានហៅជនសង្ស័យយកមក ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួនពិតជាបានវាយកូនប្រុសបង្កើតឈ្មោះ ខាន់ ណារិន បណ្ដាលអោយមានរបួសស្នាមពិតប្រាកដមែន។

ចំពោះជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕