នគរបាលស្រុករុក្ខគីរីបង្រ្កាបអ្នកប្រព្រឹត្តល្បែង​ភ្នាល់ជល់មានមួយករណីក្នុងមូលដ្ឋាន

ខេត្តបាត់ដំបង÷ ពីថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង​១៣​និង៤៥នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្តម​សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរ បាលស្រុករុក្ខគីរី បានដឹកនាំកងកម្លាំងក្នុងអង្គភាព ចុះបង្រ្កាបករណីល្បែងជល់មាន់ភ្នាល់ដាក់ប្រាក់ មួយកន្លែង នៅចំណុចភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដោយបានធ្វើការឃាត់​ខ្លួនអ្នកប្រព្រឹត្តចំនួន ០៥នាក់ភេទប្រុស ក្នុង​ចំណោមអ្នកប្រព្រឹត្តផ្សេងទៀតដែលរត់គេចខ្លួនស្របពេលសមត្ថកិច្ចចុះទៅដល់ទីនោះ រីឯវត្ថុតាងមួយចំនួនរួមមានម៉ូតូចំនួន១៣គ្រឿងមាន់​ជល់​ចំនួន០៣ក្បាលកៅស៊ូជ័រជាសង្វៀនសម្រាប់ជល់មាន់ចំនួន០៣ដុំស្ថិតនៅទីកន្លែងនោះត្រូវបានដកហូត ។

នៅក្រោយពេលធ្វើកំណត់ហេតុសាកសួរបំភ្លឺរួច សមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែនាំដោយ​​ធ្វើកិច្ចសន្យា ឱ្យពួកគាត់បញ្ឈប់សកម្មភាពល្មើសនេះបន្តទៀត រួចបានឱ្យវិលត្រឡប់ទៅ​លំនៅដ្ឋានវិញ៕