ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺ ទាក់ទងទៅនឹងករណីលួច ដោះយកកងដៃនិងខ្សែកសិស្សសាលា

នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៧និង១៥នាទី នៅចំណុច ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពិតជាមានករណីលួងលោមក្មេងស្រីដើម្បីដោះយកគ្រឿងអលង្កា ជនរងគ្រោះឈ្មោះ ម៉ៅ ម៉ាលីកា ភេទស្រី អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ មានទីលំនៅផ្ទះលេខB16 ផ្លូវបេតុង ក្រុមទី០១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សំភារ:បាត់បង់រួមមានខ្សែក ០១ខ្សែ មានតម្លៃ ២៣០ដុល្លា និងកងដៃ ០១កងមានតម្លៃ ១៧០ដុល្លារ ។

ដំណើររឿងហេតុ កុមារីដែលជាជនរងគ្រោះបានចេញទៅសាលា ពេលរៀបដើរចូលទៅថ្នាក់រៀនត្រូវបានស្រ្តីវ័យចំណាស់ម្នាក់ និងកុមារីម្នាក់ដែរមិនស្គាល់បាននិយាយល្បួងលួងលោម ឲ្យក្មេងស្រីរងគ្រោះចេញមកខាងក្រៅសាលា ហើយនិយាយបញ្ឆោតឲ្យក្មេងស្រីរងគ្រោះដោះខ្សែក និងកងដៃដាក់ក្នុងកាបូបខ្លាចគេលួច បន្ទាប់មកស្រ្តីវ័យចំណាស់ និងក្មេងស្រីជាបក្សពួកបានធ្វើសកម្មភាពដោះខ្សែក និងកងដៃរបស់ក្មេងស្រីជនរងគ្រោះ បានសម្រេច រួចឡើងជិះម៉ូតូបក្ខពួករបស់ខ្លួនជាបុរសម្នាក់បើកគេចខ្លួនបាត់ទៅ ។

ក្រោយពេលកើតហេតុអាណាព្យាបាលរបស់ជនរងគ្រោះបានទូរសព្ទ័មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ពេលនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីបើកការស្រាវជ្រាវឆែកមើលរូបភាពកាម៉េរ៉ាសុវត្ថិភាព និងទទួលបណ្តឹងពីអាណាព្យាបាលជនរងគ្រោះ ។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ ៕