អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាក់ថាបុរសដកកាំភ្លើងភ្ជង់យុវជនម្នាក់ មិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌរបស់កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បុរសដែលដកកាំ ភ្លើងភ្ជង់យុវជនម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅម្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នោះ មិន មែនជាមន្រ្តីកងរាជអាវុធហត្ថ។

ឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ថា កងរាជអាវុធហត្ថ បានធ្វើការចុះត្រួតពិនិត្យ ស្រាវ ជ្រាវករណីរឿងហេតុខាងលើនេះ ដល់កន្លែងកើតហេតុតាមនីតិវិធីរបស់មន្ត្រីជំនាញកងរាជអាវុធហត្ថ ដោយបានបញ្ជាក់ថាបុគ្គលដែលបង្កហេតុដកកាំភ្លើងនៅផ្តុំផ្សារថ្មី ស្ថិត នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាប្រមាណម៉ោង៤៖៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មាន ឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត៖ ១៧-០៨-១៩៩៣ មាន ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុគ្គលឈ្មោះ សុខ ណាម៉ាលីដូ មិនមានឈ្មោះនៅក្នុងក្របខ័ណ្ឌរបស់កងរាជ អាវុធហត្ថ និងអាវុធខ្លីម៉ាក់កា៥៩ លេខ២៩៩៩ ក៏មិនមាននៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថផងដែរ។ កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថកំពុងធ្វើ ការស្រាវជ្រាវរកបុគ្គលខាងលើនេះ ដើម្បីបញ្ជាក់ការពិត និងអនុវត្តតាមច្បាប់។

ឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបន្ថែមថា៖ «ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាគោលជំហរ បុគ្គលិកនៃកងរាជអាវុធហត្ថរូបណាដែលប្រព្រឹត្តនូវកំហុសឆ្គង ល្មើសវិន័យកងទ័ព ត្រូវតែអនុវត្តទណ្ឌកម្មវិន័យ ដូចមានចែងក្នុងបទប្បញ្ញត្តិនៃបទវិន័យទូទៅ និងលក្ខន្តិកៈទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ។ ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ត្រូវតែបញ្ជូនបុគ្គលនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូច ទិសស្លោកដែលបានដាក់ចេញនាពេលកន្លងទៅ “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាជនត្រូវតែបម្រើ ច្បាប់ត្រូវ តែគោរព បទល្មើសត្រូវតែបង្ក្រាប»៕