ម៉ាក់ប៉ាយកកូនទៅចាក់ថ្នាំហើយ កុំធ្វើរឿងទាំងនេះ!
ជាធម្មតារាល់ពេលចាក់វ៉ាក់សាំងរួចទារក ឬកុមារតូចៗអាចមានអាការៈក្ដៅខ្លួន ក្រោយមានបញ្ហានេះម៉ាក់ប៉ាពិតជាមានក្ដីព្រួយបារម្ភ និងស្វែងរកថ្នាំ ដើម្បីឲ្យកូនត្រលប់មកសភាពដើមវិញ។ ក្នុងនោះលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅបានឲ្យដឹងថា យើងមិនគួរឲ្យថ្នាំបញ្ចុះកម្ដៅមុនពេលចាក់ ឬពេលកម្ដៅខ្លួនមិនព្រមត្រជាក់យូរថ្ងៃនោះទេ ព្រោះវាអាចបណ្ដាលឲ្យពុលថ្លើមរបស់កូនតូចបាន។
រឿងដែលម៉ាក់ៗមិនគួរធ្វើបន្ទាប់មកទៀត គឺមិនត្រូវស្ទាបអង្អែលកន្លែងចាក់ លាបប្រេងកូឡា ឬយករបស់ក្ដៅនៅស្អំកន្លែងចាក់ ព្រោះនាំឲ្យកូនឆ្លងជំងឺផ្សេងៗតាមរយៈរបស់ទាំងនោះ និងបណ្ដាលឲ្យកន្លែងចាក់ថ្នាំក្រហម កន្ទួល ឬឡើងរឹង ហើយពេលខ្លះទៅជាខ្ទុះ។ មួយវិញទៀតសំឡីអាល់កុលដែលទុកជូតកន្លែងចាក់នោះ មិនបាច់ឈ្លី ឬទុកលើមុខរបួសនោះយូរពេកនោះទេ ព្រោះសំឡីនោះ ទុកឃាត់ឈាមតែមួយភ្លែតប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិតបានណែនាំថា ថ្នាំបញ្ចុះកម្ដៅប្រើនៅពេលដែលកូនមានកម្ដៅលើសពី ៣៨អង្សារសេប៉ុណ្ណោះ ហើយការឲ្យថ្នាំកូនគឺចន្លោះ ៤-៦ ម៉ោងម្ដង និងទៅតាមទម្ងន់របស់កូន។ លោកក៏បានបញ្ជាក់ដែរថា កូនអាចចុះកម្ដៅទៅបាន អាស្រ័យលើការស្លៀកពាក់ទៀតផង ពោលគឺកូនត្រូវស្លៀកពាក់ស្ដើងៗ រលុងៗ និងដាក់កូនក្នុងបរិយាកាសត្រជាក់ ឬក៏ងូតទឹកត្រជាក់ឲ្យបានញឹកញាប់។ ចំណុចសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ គឺមិនគួរដាក់រុំខ្លួន ឬស្លៀកពាក់ជិតឈឹងឲ្យកូននោះទេ រឹតតែមិនគួរដាក់កូនក្នុងបន្ទប់ហប់ឈឹងទៀតផង ព្រោះនាំឲ្យកម្តៅកាន់តែកើនឡើង។
ប្រភព÷ Dr.ចាន់ ស៊ីណេត