ហូបចុកឆ្អែតរួចមិនដឹងធ្វើអី ក៏បើកការប្រយុទ្ធកម្តៅខ្លួនខែត្រជាក់ តែត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅក្របួចបានទាំង ២ក្រុម

ខេត្តកណ្ដាល÷ ករណីហិង្សាដោយចេតនាទៅវិញទៅមក។ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ០០ នាទី នៅចំណុចក្នុងរោងការភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ជនសង្ស័យ ២ ក្រុម៖

ក្រុមទី១ មានគ្នា៤នាក់ (ភាគគីខាង​កូន​កំលោះ)

១-ឈ្មោះ ម៉េត សុភីន ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាកូនកំលោះ មានរបួសស្នាមបែកក្បាល (ឃាត់ខ្លួន) ។

២-ឈ្មោះ ម៉េត លាភ ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាពូរបស់កូនកំលោះមានរបួសស្នាមបែកសៀតថ្កា (ឃាត់ខ្លួន) ។

៣-ឈ្មោះ ងួន សុភា ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាភ្ញៀវខាងកូនកំលោះមានរបួសស្នាមបែកចិញ្ចើម (ឃាត់ខ្លួន) ។

៤-ឈ្មោះ អេង រដ្ឋា ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ ទីលំនៅភូមិខ្លាក្រហ៊ឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ ត្រូវជាភ្ញៀវខាងកូនកំលោះមានរបួសស្នាមបែកក្បាល (ឃាត់ខ្លួន) ។

ក្រុមទី២មានគ្នា២នាក់ភាគគីខាងកូនក្រមុំ៖

១-ឈ្មោះ អេង មិនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ត្រូវជាបងជីដូនមួយខាងកូនក្រមុំ មានរបួសស្នាមរយៈត្រង់កខាងឆ្វេង (ឃាត់ខ្លួន)។

២-ឈ្មោះ ផន តុលា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ត្រូវជាបងជីដូនមួយខាងកូនក្រមុំ មានរបួសស្នាមហើមត្រង់ភ្នែកខាងស្តាំ (ឃាត់ខ្លួន)។

សម្ភារខូចខាតបែកបាក់សម្ភារៈ កៅអី តុ ចាន កែវ ថូផ្កា ។

សភាពនៃរឿងហេតុ÷  កាលពីពេលវេលានិងទីកន្លែងកើតហេតុខាងលើ មានកម្មវិធីរៀបមង្គលការមួយ ដោយមានភ្ញៀវទាំងសងខាងបានចូលរួមផឹកស៊ីរាំរែក សប្បាយគ្រប់គ្នា ។ លុះផឹកស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ភាគគីទាំង២បានឌឺដងដាក់គ្នា រហូតឈ្លោះប្រកែកគ្នា បានយកកៅអី ចាន កែវ ថូផ្កា គប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានរបួសស្នាមរៀងៗខ្លួន តែម្តង ។ ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ចុះទៅឃាត់ខ្លួនជនសង្ស័យទាំង២ក្រុម យកមកចាត់ការតាមនីតិវិធីតែម្តង ៕