កម្ពុជា គ្រោង​ដាក់សំណើ​ផ្លូវការ​ទៅ​រុស្ស៊ី ដើម្បី​សុំ​វ៉ាក់សាំង​កូ​វីដ​-១៩ ក្រៅពី​ចិន និង​ឥណ្ឌា

ភ្នំពេញ​ ៖ កម្ពុជា គ្រោង​ដាក់សំណើរ​ផ្លូវការ​ទៅ​រដ្ឋាភិបាល​រុស្ស៊ី ដើម្បី​សុំ​ជំនួយ​វ៉ាក់សាំង​កូ​វីដ​-១៩ យកមក​ចាក់​ការពារ​ពលរដ្ឋ​។ នេះ​បើតាម​សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​កីឡា​អាស៊ីអាគ្នេយ៍ សម្រាប់​ឆ្នាំ​២០២៣​។​
សម្ដេច ទៀ បាញ់ បាន​បញ្ជាក់ថា រដ្ឋាភិបាល នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​រុស្ស៊ី​មួយទៀត ក្រៅពី​ចិន និង​ឥណ្ឌា ដើម្បី​សុំ​វ៉ាក់សាំង​មកប្រើប្រាស់ ។ បើតាម​សម្ដេច ទៀ បាញ់ កម្ពុជា ដាក់​គោលដៅ​ស្នើសុំ​វ៉ាក់សាំង​ពី​ប្រទេស​ទាំងបី​នេះ​។​
«​បញ្ហា​មួយទៀត គឺ​(​កម្ពុជា​) កំពុង​ទាក់ទង​ទៅ​រុស្ស៊ី​ដែរ​។ ហើយ​ទី​ចុង​បំផុត​លោក​(​សម្ដេច ហ៊ុន សែន​) បាន​សរុប​ហើយ គឺ​យើង​សំដៅ​ធំជាងគេ គឺ​សុំ​តាមរបៀប​គ្រប់​វិធី​ទាំងអស់ គឺ​ប្រទេស​ធំៗ​ដែល​បាន​ផលិត​វ៉ាក់សាំង​នេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន ឥណ្ឌា រុស្ស៊ី ដែល​នឹង​យកមកប្រើ​ប្រាស់​»​។
នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ទៀ បាញ់​។​​កាលពី​ថ្ងៃទី ១៨ មករា សម្ដេច ហ៊ុន សែន ក៏បាន​ស្នើ​ផ្ទាល់មាត់​តាមរយៈ​ឯកអគ្គរដ្ឋទូត​ទៅកាន់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ប្រចាំ​កម្ពុជា​លោកស្រី Narendra Damodardas Modi ដើម្បី​សុំ​ជំនួយ​វ៉ាក់សាំង​កូ​វីដ​-១៩ ផងដែរ​។
​ត្រង់ចំណុច​នេះ​រដ្ឋមន្ត្រី​ការពារជាតិ សម្ដេច ទៀ បាញ់ បាន​លម្អិត​ថា ក្រៅពី​សុំ​ផ្ទាល់មាត់​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​គ្រោង​ដាក់​លិខិតស្នាម​ផ្លូវការ​ទៅ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ដើម្បី​សុំ​វ៉ាក់សាំង​នេះដែរ​។​
​ដោយឡែក​ភាគី​ចិន នឹង​ផ្ដល់​វ៉ាក់សាំង​៣០​ម៉ឺន​ដូ​សមក​កម្ពុជា​សិន នៅ​ខែកុម្ភៈ​ខាងមុខ​។ ចិន​បាន​សន្យា​ផ្ដល់​វ៉ាក់សាំង​១​លាន​ដូ​សមក​កម្ពុជា​៕
From: https://thmeythmey.com
By: Sovann