ទំនិញខូចគុណភាពមួយចំនួន ត្រូវបានមន្ត្រីសាខា ក.ប.ប.ខេត្ត រកឃើញនៅក្នុងក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅតាមបណ្តាម៉ាត និងគេហដ្ឋានលក់ទំនិញ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៣៦.៨៦ គីឡូក្រាម មានដូចជា៖

⁃ ទឹកក្រូច ចំនួន ៨ដប ស្មើនឹង ៧.២០លីត្រ

⁃ ទឹកដោះគោ ចំនួន ៤២ប្រអប់ ស្មើនឹង ១៩.០៤លីត្រ

⁃ ទឹកប៉េងប៉ោះ ចំនួន ៥ប្រអប់ ស្មើនឹង ៥លីត្រ

⁃ នំបង្គា ចំនួន ២កំប៉ុង ស្មើនឹង ០.២២គីឡូក្រាម

⁃ ទឹកក្រូចឆ្មា ចំនួន ៤ដប ស្មើនឹង ៣លីត្រ

⁃ ស្ករគ្រាប់ផ្លែឈើចម្រុះ ចំនួន ២៤កញ្ចប់ ស្មើនឹង ២.៤០គីឡូក្រាម

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕