ប្រធានាធិបតី​កូរ៉េខាងត្បូងលោក មូ​ន បានស្នើ​ឲ្យ​លោក បៃ​ឌិន បន្ត​ចរចា​ជាមួយ​កូរ៉េខាងជើង​ទៅតាម​អ្វី​លោក ត្រាំ បន្សល់ទុក

កូរ៉េខាងត្បូង ៖ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១៨ មករា បានស្នើ​ឲ្យ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​ចូ បៃ​ឌិន បន្ត​ការចរចា​ជាមួយ​កូរ៉េខាងជើង​លើ​ការរំសាយ​នុយក្លេអ៊ែរ ដោយ​ផ្អែក​តាម​អ្វីដែល​បន្សល់ទុក​ពី​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ លោក ត្រាំ និង​លោក គីម បាន​ជួបចរចា​គ្នា​បី​លើក តែ​ពុំ​សម្រេចបាន​លទ្ធផល​ដុំកំភួន​ទេ ខណៈ​កូរ៉េខាងជើង​យល់ព្រម​លុបបំបាត់​នុយ​ក្លេ​អ៊ែរ​ជា​ថ្នូរ​ការលើក​ទណ្ឌកម្មសេដ្ឋកិច្ច​។​

ក្នុង​សន្និសីទ​សារព័ត៌មាន​ឆ្នាំ​ថ្មី លោក មូ​ន ចេ​អ៊ី​ន ដែល​បាន​ដើរតួនាទី​យ៉ាង​ចម្បង​ក្នុង​ការរៀបចំ​ឲ្យ​មាន​ជំនួប​រវាង​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង និយាយថា លោក​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន ចាត់ទុក​កូរ៉េខាងជើង​ជា​សំណុំរឿង​អាទិភាព​សម្រាប់​គោលនយោបាយ​ការបរទេស​អាមេរិក​។ លោក​និយាយទៀតថា លោក បៃ​ឌិន អាច​ចាប់ផ្តើម​កិច្ចសន្ទនា​ជាថ្មី​ដោយ​ផ្អែកលើ​សេចក្តីថ្លែងការណ៍​រួម​នៅ​សិង្ហ​បុរី​ឆ្នាំ​២០១៨ ។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នៃ​ជំនួប​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​គីម ជុង​អ៊ុន នៅ​ឆ្នាំ​២០១៨ ភាគី​ទាំងពីរ​ប្តេជ្ញា​ធ្វើការ​រួមគ្នា​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។ យ៉ាងណាក្តី ការប្តេជ្ញា​នេះ​ពុំបាន​សម្រេច​ផ្លែផ្កា​អ្វី​ឡើយ ហើយ​ជំនួប​លើក​ទី​ពីរ នៅ​ទីក្រុង​ហាណូយ ពុំបាន​លទ្ធផល​អ្វី​។ រីឯ​ជំនួប​ជា​បន្តបន្ទាប់​នៃ​ក្រុមការងារ​ប្រទេស​ទាំង​ក៏​បរាជ័យ​ផងដែរ ដោយ​អាមេរិក​ច្រានចោល​ការទាមទារ​រប​ស់​កូរ៉េខាងជើង​ក្នុង​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​ជាមុន ជា​ថ្នូរ​ទៅនឹង​ការរំសាយ​នុយក្លេអ៊ែរ​។
​នៅក្នុង​សមាជ​បក្ស​ពលករ​កូរ៉េ​កាលពី​សប្តាហ៍​មុន លោក គីម លើកឡើង​ពី​ការបង្កើន​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ មី​ស៊ី​ល​ផ្លោង និង​បន្ត​ចាត់ទុក​អាមេរិក​ជាស​ត្រូវ​ដ៏​ធំ​បំផុត​របស់ខ្លួន​ដដែល​។ ការលើកឡើង​របស់​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​នេះ នាំឱ្យ​លោក មូ​ន លើកឡើង​ពី​ភាពចាំបាច់​ក្នុង​ការចរចា​ដើម្បី​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ឡើងវិញ​។​
«​ការស្បថ​ចូលកាន់​តំណែង​នៃ​រដ្ឋបាល​លោក បៃ​ឌិន ជា​ចំណុច​ចាប់ផ្តើម​ថ្មី​នៃ​កិច្ចសន្ទនា​រវាង​អាមេរិក​-​កូរ៉េខាងជើង និង​កិច្ចសន្ទនា​អន្តរ​កូរ៉េ ដើម្បី​បន្ត​សមិទ្ធផល​ដែល​សម្រេចបាន​ក្រោម​រដ្ឋបាល​របស់លោក​ត្រាំ​»​។ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ Yonhap ស្រង់​សម្ដី លោក មូ​ន បែបនេះ​។
​មេដឹកនាំ​កូរ៉េខាងត្បូង​រូបនេះ អះអាងថា លោក គីម នៅតែមាន​ចេតនា​ក្នុង​ការចរចា បើសិនជា​អាមេរិក និង​កូរ៉េខាងជើង​អាច​ស្វែងរក​វិធីសាស្ត្រ​ក្នុងការ​កាត់បន្ថយ​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដាក់គ្នា និង​ការធានា​សន្តិសុខ​នៃ​របប​កុម្មុយនីស្ត​ឯកោ​នេះ​។ លោក មូ​ន បន្តថា កិច្ច​ជំនួប​រវាង​លោក​ត្រាំ និង​លោក​គីម​នា​ឆ្នាំ​២០១៨ នៅតែមាន​សារសំខាន់ ហើយ​រដ្ឋបាល​របស់លោក បៃ​ឌិន គួរតែ​រៀនសូត្រ​ពី​បរាជ័យ​នៃ​ជំនួប​លើ​ទី​ពីរ​នា​ឆ្នាំ​២០១៩​។​
​ចំពោះ​កម្មវិធី​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​វិញ លោក មូ​ន បញ្ជាក់ថា កូរ៉េខាងត្បូង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទ​ប​ស្កាត់​នឹង​ការ​គំរាម​នេះ​ដោយមាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល និង​សម្ភារ​យោធា​ដទៃទៀត​។ កម្មវិធី​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង ជា​ចំណុច​ស្នូល​នៃ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដោយ​ប្រទេស​នេះ​មាន​មហិច្ឆតា​ក្នុងការ​ពង្រីក​សមត្ថភាព និង​រយៈ​ចម្ងាយ​នៃ​មី​ស៊ី​ល​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់ខ្លួន​៕
From: https://thmeythmey.com
By: Sovann