មុខសញ្ញាទើបចេញពីគុកបាន ០៣ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប៉ុនប៉ងលួចម៉ូតូ

ខេត្តកណ្តាល÷ កើតហេតុថ្ងៃទី ១៨.០១.២០២១ វេលា ម៉ោង ២២:៣០ នាទី ។ ចំណុចក្នុងដីឡូត៍ របស់ឈ្មោះ ហុក ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ យ៉ែម រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ មានទីលំនៅ ភូមិកញ្ចែ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នស្នាក់នៅ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល (ចាំដីឱ្យឈ្មោះ ហុក)។ ឃាត់ខ្លួនជនសង្ស័យ០៣នាក់÷
១.ឈ្មោះ លី ពី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ (ឃាត់ខ្លួន)
២.ឈ្មោះ ផុន សាន់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ។ (ឃាត់ខ្លួន)
៣.ឈ្មោះ យន់ ហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ (ឃាត់ខ្លួន)។

ទាំង០៣នាក់ខាងលើ មានទីលំនៅសព្វថ្ងៃ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

សភាពនៃរឿងហេតុ÷ កន្លងមកជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ចំនួន០២លើក លើកទី១នៅឆ្នាំ២០១៦ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស លើកទី២នៅខែ ០១ ឆ្នាំ២០២០ ពិបទ អំពើលួច(ម៉ូតូ) និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ នៅថ្ងៃទី ១៥.០១.២០២១ ជនសង្ស័យបានចេញពីពន្ធនាគារ ប៉ុន្តែមិនបានយកដីកាដោះលែងឱ្យសមត្ថកិច្ចប៉ុស្តិ៍ទេ រហូតដល់ថ្ងៃទី ១៨.០១.២០២១ វេលាម៉ោង១៥:០០នាទី ជនសង្ស័យ បានទៅផឹកស្រានៅផ្ទះរបស់ម្នាក់ទៀត ជាមួយឈ្មោះ យន់ ហេង ឈ្មោះផុន សាន់ និងម្ចាស់ផ្ទះ ក្នុងពេលផឹកស្រានោះ ជនសង្ស័យនិងបក្ខពួក បាននិយាយគ្នាថា÷ យប់នេះពួកយើងនាំគ្នា ចូលទៅលួចម៉ូតូនៅក្នុងដីឡូត៍កន្លែងកើតហេតុ រហូតដល់វេលាម៉ោង១៩:៣០នាទី ជនសង្ស័យនិងបក្ខពួក ក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។
លុះដល់វេលាម៉ោង ២២:៣០នាទី ជនសង្ស័យ និងបក្ខពួក ឈ្មោះយន់ ហេង ឈ្មោះផុន សាន់ និងម្នាក់ទៀត ក៏បានមកជួបជុំគ្នានៅមុខដីឡូត៍ កន្លែងកើតហេតុ បន្ទាប់មកជនសង្ស័យនិងបក្ខពួកក៏នាំគ្នាធ្វើសកម្មភាពចូលក្នុងដីឡូត៍ដើម្បីលួចម៉ូតូរបស់ជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ លី ពី ចូលតាមច្រកខាងមុខ ចំណែកជនសង្ស័យឈ្មោះយន់ ហេង ឈ្មោះផុន សាន់ និងម្នាក់ទៀត ចូលច្រកខាងក្រោយ ពេលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាព ជនរងគ្រោះឃើញ ក៏ស្រែកថា÷ចោៗ ពេលនោះជនរងគ្រោះ និងអ្នកជិតខាង ក៏នាំគ្នាព័ទ្ធចាប់ បានជនសង្ស័យឈ្មោះ លី ពី ចំណែកជនសង្ស័យ ០៣នាក់ទៀតក៏នាំគ្នារត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះក៏នាំជនសង្ស័យយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា÷ ខ្លួននិងបក្ខពួកពិតជាបាននាំគ្នាធ្វើសកម្មភាពចូលក្នុងដីឡូត៍របស់ឈ្មោះហុក ដើម្បីលួចម៉ូតូរបស់ជនរងគ្រោះពិតមែន។
លុះមកដល់ថ្ងៃទី១៩.០១.២០២១វេលាម៉ោង០៩:២០នាទីព្រឹក សមត្ថកិច្ចយើង ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ទៀតឈ្មោះផុន សាន់ ជាមុខសញ្ញាចេញពីពន្ធនាគារខេត្តកំពង់ចាមពីបទ ប៉ុនប៉ងលួច ជាប់ពន្ធនាគាររយ:ពេល១០ខែ ចេញនៅថ្ងៃទី០៦.០១.២០២១ និងឈ្មោះយន់ ហេង ជាមុខសញ្ញាចេញពីពន្ធនាគារខេត្តកណ្ដាល ពីបទ អំពើលួច(ម៉ូតូ) ជាប់រយៈពេល០១ឆ្នាំ ចេញនៅថ្ងៃទី១៥.០១.២០២១។
ចំពោះមុខសញ្ញាទាំង ០២នាក់នេះក៏មិនបានយកដីកាដោះលេងឱ្យសមត្ថកិច្ចប៉ុស្តិ៍ដែរ។
ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងបន្តតាមរកជនសង្ស័យម្នាក់ទៀត និងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕